ស្វាយរៀង ៖ បន្ទាប់ពីហែអង្គកឋិនទានចូលវត្តបាក្រុង ស្ថិតនៅក្នុងឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀងដែលប្រមូលបច្ច័យបានប្រមាណជិត១០០លានរៀល ដើម្បីកសាងព្រះវិហារ លោកស្រីហ៊ឹម ម៉ាលី ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុករំដួល ខេត្តស្វាយរៀង បានបន្តជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋចំនួនជិត២០០ គ្រួសារនាព្រឹកថ្ងៃទី ២៣ខែតុលាឆ្នាំ២០២២។
ពិធីចែកអំណោយរបស់លោកស្រីហុឹម ម៉ាលីនិងក្រុមការងារក៏មានការចូលរួមពីលោកហែម ស៊ីណា អភិបាលស្រុករំដួលនិងមន្ត្រីរាជការប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោកហែម ស៊ីណា អភិបាលស្រុករំដួលបានថ្លែងអំណរគុណនិងកោតសរសើរចំពោះស្រីហុឹម ម៉ាលី ដែលជាក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ សង្កែ ស្រុករំដួលដែលតែងតែផ្ដល់នូវទេយ្យទានដល់ព្រះសង្ឃក៏ដូចជាចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតបានជាបន្តបន្ទាប់ ជាពិសេសបានចូលរួមការងារសង្គមរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានស្រុករំដួលឲ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រនិងអាណាចក្រផងដែរ។
លោកអភិបាលស្រុករំដួលក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀននិងអំពើល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ម្យ៉ាងទៀតរាល់ការសំណូមពរ ក៏ដូចតម្រូវការនានានៅមូលដ្ឋានត្រូវរាយការណ៍ឲ្យអាជ្ញាធរ ឲ្យបានដឹងជាពិសេសអាចទាក់ទងមកលោកផ្ទាល់ ដើម្បីដោះស្រាយបានទាន់ពេលវេលាគឺធ្វើយ៉ាងណាមិនឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានថ្នាក់នោះឡើយ។
លោកស្រីបានថ្លែងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋជានិច្ច និងមិនដែលរត់ចោលប្រជាពលរដ្ឋឡើយ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។
លោកស្រីក៏បានជំរុញដល់ប្រជាពលរដ្ឋ រាល់មានបញ្ហាអ្វីនៅមូលដ្ឋានត្រូវរាយការណ៍មកអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយឲ្យទាន់ពេលវេលា ហើយសូមកុំជឿក្រុមអគតិមួយចំនួនដែលមិនដែលធ្វើអ្វីសោះបានតែភូតភរកុហកបោកប្រាស់ ដូច្នេះមានតែគណបក្សប្រជាជនតែមួយគត់ ដែលបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពតនិងនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ហើយយើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី។
លោកស្រីបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សា សុខភាព ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់យក ការរស់នៅស្អាត ពិសារទឹកដាំពុះ ហូប ស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ។
សូមបញ្ជាក់ថា អំណោយចែកជូនដល់ប្រជាពលរដ្ឋជិត២០០ គ្រួសារនេះរួមមានសារ៉ុង ក្រមា ក្រណាត់សរ ទឹកត្រី ទឹកស៊ីអ៊ីវនិងថវិកា២ម៉ឺនរៀលក្នុងម្នាក់ៗផងដែរ៕