ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ ខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរាជការ អង្គភាពជុំវិញខេត្ត ដង្ហែកឋិនទានចូលវត្ត ជោតនារាមបឹងកុក ក្រុងកំពង់ចាម

កំពង់ចាម ៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នេះ បានរួមគ្នាប្រារព្ធធ្វើបុណ្យកឋិនទាន ដង្ហែចូលវត្តជោតនារាមបឹងកុក ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

បើតាម លោក អ៊ុន ចាន់ដា អភិបាលអភិបាលខេត្តកំពង់ចាមបានឲ្យដឹងថា បុណ្យកឋិនទានមហាសាមគ្គីនេះ គឺមានការចូលរួមជាបច្ច័យ ពីសំណាក់ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ,លោកបណ្ឌិត ហ៊ុន ម៉ាណែត , លោកឧកញ៉ា ហ៊ុន តូ , លោក ហ៊ុន ម៉ានិត , និងមានសប្បុរសជនជាច្រើនទៀត ដែលបានចូលរួមជាបច្ច័យយ៉ាងច្រើនគឺជាង ១១ម៉ឺនដុល្លារ មកវេរប្រគេនព្រះសង្ឃនៅវត្តបឹងកុក ដើម្បីទុកចាត់ចែងកសាងផ្សេងៗ ដើម្បីទ្រទ្រង់ព្រះសង្ឃ ដែលគង់បួសរៀននៅទីអារាមនេះ ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា កត្តាដែលនាំមកនូវការចូលរួមជាបច្ច័យ យ៉ាងច្រើនពីសប្បុរសជន ដូចពេលនេះ គឺ ដោយសារ ពុទ្ធបរិស័ទមាន ជំនឿមកលើសាសនាព្រះពុទ្ធ និងមានបំណងលើកកម្ពស់ វិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើន ឲ្យស្របទៅនឹងវិស័យអាណាចក្រ ពោលគឺ បច្ចុប្បន្នវិស័យអាណាចក្រ មានការរីកចម្រើន ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ឈានដល់ការចូលរួមជាបច្ច័យ ដើម្បីកសាងនូវសមិទ្ធផលនានា លើវិស័យពុទ្ធចក្រ ដូច្នេះវិស័យពុទ្ធចក្រ ក៏ត្រូវតែមានការរីកចម្រើនដើរទន្ទឹម និងវិស័យអាណាចក្រផងដែរ ។

ជាមួយគ្នានេះកត្តាសុខសន្តិភាព ពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើង មានឱកាសជួបជុំគ្នាធ្វើបុណ្យដាក់ទាន ទៅតាមសទ្ធារៀងៗខ្លួន នឹងអាចមានឱកាសចូលរួមជាបច្ច័យ ដើម្បីយកមកកសាង ឱ្យមានការរីកចម្រើន នៅក្នុងទីអារាមដូចពេលនេះ និងមានឱកាសចេញទៅ សិក្សារៀនសូត្រ យកចំណេះដឹង នឹងមានឱកាសចេញទៅប្រកបការងារ បង្កើនជីវភាពគ្រួសារ ឲ្យមានភាពរុងរឿង គឺអាស្រ័យលើកត្តា សុខសន្តិភាព ៕

To Top