ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នឹងបន្ដចុះទៅខេត្តកំពង់ធំ និងព្រៃវែង នៅចុងសប្ដាហ៍នេះ ក្រោយបញ្ចប់ការដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ដើម្បីឆ្លងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣។
សម្ដេចតេជោ នឹងចុះទៅខេត្តកំពង់ធំ នាថ្ងៃទី២៩ តុលា ។ ដោយឡែក ខេត្តព្រៃវែង វិញ នាថ្ងៃទី៣០ តុលា។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «បេសកកម្មជួយប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងបានមកដល់ខេត្តពោធិ៍សាត់។ ព្រឹកនេះបន្ទាប់ពីជួបប្រជាជននៅខេត្តពោធិ៍សាត់ ខ្ញុំត្រូវចេញទៅបាយថ្ងៃត្រង់នៅខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីកាបញ្ចប់ការងារនៅខេត្តកំពង់ឆ្នាំង ថ្ងៃ២៦ ខ្ញុំត្រូវត្រឡប់ចូលភ្នំពេញ ដើម្បីដឹកនាំការងារចាំបាច់ដោយខានមិនបាន គឺការប្រជុំគណៈរដ្ឋមន្ត្រីឆ្លងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ថ្ងៃ២៩ តុលា ខ្ញុំត្រូវទៅកាន់ខេត្តកំពង់ធំ និងថ្ងៃទី៣០ តុលា ត្រូវទៅកាន់ខេត្តព្រៃវែង»។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាប់ផ្តើមបេសកកម្មការងារនៅខេត្តជុំវិញបឹងទន្លេសាប នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដោយការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ក្រោយបញ្ចប់ការងារនៅខេត្តសៀមរាបរយៈពេលពីរថ្ងៃ នៅថ្ងៃទី២២ ខែតុលា សម្តេចតេជោ បានបន្តដំណើរមកកាន់ខេត្តបន្ទាយមានជ័យ ដើម្បីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ព្រមទាំងចែកស្រូវពូជជូនប្រជាកសិកររងគ្រោះដោយទឹកជំនន់។ សកម្មភាពនេះ ក៏បានធ្វើឡើងនៅថ្ងៃបន្តបន្ទាប់ទៀតនៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ ហើយនឹងបិទបញ្ចប់បេសកកម្មនេះនៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែតុលា៕