នយោបាយ

សម្តេចតេជោ អំពាវនាវ ព្រះសង្ឃនិងពលរដ្ឋ ក្រោកឈរ ប្រឆាំងទណ្ឌិត សម រង្ស៊ី ដែលប្រមាថ ព្រះមហាក្សត្រ (Video)

ភ្នំពេញ៖ ថ្លែងចេញពីទឹកដី ខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអំពានាល់ដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យធ្វើការក្រោកឈរឡើង ដើម្បីប្រឆាំងទណ្ឌិត សម រង្ស៊ី ដែលមានងារ ជាជនក្បត់ជាតិ៣ជំនាន់ ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរ លើចេស្ដា ព្រះមហាក្សត្រ។

ក្នុងឱកាសសអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង ៥ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ដោយសារតែសន្តិភាព ទើបទទួលបានអ្វីសព្វថ្ងៃ នេះ ហើយទឹកដីខេត្តពោធិ៍សាត់ នេះធ្លាប់ឆ្លងកាត់ហើយ នៃការធ្វើសង្គ្រាម។

សម្តេចតេជោបានលើកឡើងថាយើងលំបាកណាស់ទម្រាំទទួលបានសន្តិភាព ដូច្នេះត្រូវរួមគ្នាការពារសន្តិភាពឲ្យខាងតែបានទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវតែប្រឆាំងក្រុមបំផ្លាញសន្តិភាព។

សម្តេចគូសបញ្ជាក់ទៀត «ប៉ុន្មានថ្ងៃមកនេះគេមិនត្រឹមតែជេរត្រឹមខ្ញុំទេ គេជេរទាំងព្រះមហាក្សត្ររបស់យើង ដូច្នេះខ្ញុំអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ក្រោកងើបឈរដើម្បីប្រឆាំងជនក្បត់ជាតិ និងបក្សណាដែលផ្សាភ្ជាប់ជាមួយជនក្បត់ជាតិនេះដើម្បីការពាររាជានិយម ការពាររាជបល្ល័ង្គ កាពារព្រះមហាក្សត្រ ការពារឯកភាព សន្តិភាព នៃសន្តិភាពរបស់យើង»។

សម្តេចក៏បានព្រមានថាអ្នកទាំងឡាយណាដែលបានផ្សារភ្ជាប់ខ្លួនជាមួយគណបក្សក្បត់ជាតិ ក្បត់សាសនា ក្បត់ព្រះមហាក្សត្រគួរចាកចេញ ឬផ្តាច់ខ្លួនចេញពីជនក្បត់ជាតិនេះ បើមិនដូច្នេះទេ អ្នកនឹងរងផលពិបាកផ្សេងៗ។
សម្តេចសង្កត់ធ្ងន់ថា «នេះមិនមែនជាការគំរាមកំហែងទេ ប៉ុន្តែជារឿងពិត នៅក្នុងប្រទេសមួយមិនអនុញ្ញាតឲ្យមានបក្សក្បត់ជាតិទេ។បក្សណាក៏ដោយតែភ្ជាប់ខ្លួនជាមួយជនក្បត់ជាតិនេះចាំបាច់ ត្រូវតែពិនិត្យមើលតុលាការ ហើយយើងមិនទុកឲ្យជនក្បត់ជាតិនេះនៅរំខានទៀតទេ។បើជេរត្រឹមនាយករដ្ឋមន្ត្រីមិនអីទេក៏ប៉ុន្តែវាជេរមហាក្សត្រ ហើយជេរព្រះមហាក្សត្រគ្មានមនសិការជាតិសូម្បីតែបន្តិច»។

សម្តេចតេជោបានលើកឡើងថាចំពោះសម្តេចនិងប្រជាពលរដ្ឋគោរពព្រះមហាក្សត្រព្រោះថាប្រទេសកម្ពុជា គឺជាប្រទេសរាជានិយម ព្រះមហាក្សត្រគង់ជាប្រមុខរដ្ឋ ព្រះអង្គមិនទាក់ទិននឹងរឿងនយោបាយទេ ហេតុអ្វីបានជាគេទៅដៀលព្រះមហាក្សត្រដូច្នេះ។

សម្តេចគូសបញ្ជាក់បន្ថែម « ដូច្នេះល្មមដល់ពេលហើយ បងប្អូនដែលភ្ជាប់ខ្លួនទាក់ទងជាមួយអាជនក្បត់ជាតិប្រញាប់ចាកចេញខ្លួន ឬផ្តាច់ខ្លួនចេញ ហើយទៅចូលរួមគណបក្សនយោបាយផ្សេងនេះកុំនៅជាមួយបក្សនេះ និងអនុវត្តច្បាប់សិនរកឃើញថាមានទំនាក់ទំនងជាមួយអាជនក្បត់ជាតិមួយនេះ»។

សម្តេចលើកឡើងថាប្រជាពលរដ្ឋ និងព្រះសង្ឃកំពុងចេញសារថ្កោលទោស ហើយយើងមិនអាចទទួលយកបាន នូវរឿងបែបនេះ ហើយយើងក៏មិនអាចប្រងើយកណ្តើយ ចំពោះការប្រមាថរបស់ព្រះអង្គនោះទេ។
ជាមួយគ្នានោះដែរសម្តេចតេជោ សង្ឃឹមថាបងប្អូនដែលជាសមាជិកសមាជិកា ដែលគាំទ្រជនក្បត់ជាតិ សម រង្ស៊ី នោះចាក់ចេញពីគណបក្ស ដែលផ្សារនិងជនក្បត់នេះ ដើម្បីកុំមានទោសជាប់ខ្លួន ដោយសារការប្រមាថ ចំពោះព្រះមហាក្សត្រ ឬទង្វើក្បត់ជាតិទាំងឡាយ ដែលគេធ្វើកន្លងទៅ។

សូមជម្រាបថាការលើកឡើង របស់សម្តេចតេជោបន្ទាប់ពី ទណ្ឌិតសម រង្ស៊ីបបានធ្វើវេទិកាសាធារណៈមួយនៅក្រៅប្រទេសដោយបានប្រមាថដ៏ធ្ងន់ធ្ងរបំផុតទៅលើកព្រះមហាក្សត្រ។ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី បានបន្តនិយាយប្រមាថយ៉ាងសាហាវធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរទូទាំងនគរ ដោយជនក្បត់ជាតិ សម រង្ស៉ី ចោទប្រកាន់ព្រះមហាក្សត្រថា «ជនក្បត់ជាតិ»៕

To Top