ភ្នំពេញ៖ នាយឧត្តមសេនីយ៍ កង សាខន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងថា គិតមកដល់ពេលនេះមានប្រជាពលរដ្ឋជាង ១២លាននាក់ ទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងនោះ មានអត្តសញ្ញាណប័ណ្ណផុតសុពលភាព នាចុងឆ្នាំ២០២២នេះជាង ៨០ម៉ឺននាក់។
ក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផុតសុពលភាព នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង នាយឧត្តមសេនីយ៍ កង សាខន បានថ្លែងបញ្ជាក់ថា «គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋជាង ១២លាននាក់ បានទទួលអត្តសញ្ញាប័ណ្ណ ក្នុងនោះ អត្តសញ្ញាណប័ណ្ណត្រូវផុតសុពលភាព នាចុងឆ្នាំ២០២២ មានជាង ៨០ម៉ឺននាក់ ខណៈជាមធ្យមបានផ្ដល់អត្តសញ្ញាប័ណ្ណជូនពលរដ្ឋប្រមាណ ៣ពាន់នាក់ក្នុងមួយថ្ងៃ»។

លើសពីនេះ លោក អគ្គនាយកដ្ឋាន បន្ដទៀតថា ចំនួនអត្តសញ្ញាណប័ណ្ណផុតសុពលភាព អាចបន្តកើនឡើងដល់ច្រើនជាង ១លាននាក់ បើគិតដល់ខែកក្កដា ឆ្នាំ២០២៣ ក្នុងចំណោមប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណត្រូវផុតសុពលភាពនាពេលខាងមុខនោះ មួយចំនួនបានទទួលមរណភាព មួយចំនួនជាប់ពន្ធនាគារ និងមួយចំនួនធំបានធ្វើចំណាកស្រុក។

លោក អគ្គនាយកដ្ឋាន បន្ថែមថា សម្រាប់វិធានការដោះស្រាយចំពោះមុខនេះ គឺជំរុញការផ្សព្វផ្សាយឱ្យ ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងទាមទារការគាំទ្រពីឱ្យបានសកម្មពីអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យពលរដ្ឋ បានដឹងថា អត្តសញ្ញាណប័ណ្ណដែលខ្លួនកំពុងប្រើប្រាស់ នោះជិតអស់សុពលភាព ហើយចូលរួមបំពេញនីតិវិធីធ្វើ អត្តសញ្ញាណបណ្ណថ្មីឡើងវិញ។

សូមរំលឹកថា នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ គំរូថ្មីអស់សុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹមរយៈពេល ៩០ថ្ងៃ អញ្ជើញមកបំពេញ បែបបទប្តូរយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរថ្មី៕
