នយោបាយ

លោក សុខ ចិន្តាសោភា ៖ «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» ដែលលើកឡើង ដោយប្រធានរដ្ឋចិន រម្លឹកពីការប្តេជ្ញាចិត្ត ជាសកល ដើម្បីចាកផុត ពីភាពក្រីក្រទាំងអស់គ្នា

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ជូនដល់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី២៥ តុលា ២០២២ បានមានប្រសាសន៍ថា កាលពីខែកញ្ញា អំឡុងមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៦ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើង ពីគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់មួយ នោះគឺ «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល»។

លោកថា លោកបានតាមដានការថ្លែង របស់ប្រធានរដ្ឋចិន ហើយយល់ឃើញថា «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» គឺជាគំនិតផ្តួចផ្តើម ដ៏មានសារៈសំខាន់ ឆ្លើយតបនឹងការប្តេជ្ញាចិត្តរបស់ពិភពលោក ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដែលមានចំណុច ជាគន្លឹះធំៗ ដូចជា ការកាត់បន្ថយភាពក្រីក្រ, សន្តិសុខស្បៀង, សុខភាពមនុស្សជាតិ , ការអប់រំ និង ប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួលអាកាសធាតុ ដែលសុទ្ធតែជា ចំណុចសំខាន់ណាស់ សម្រាប់សកលលោក ។

ក្នុងនាមជាមន្ត្រីបច្ចេកទេស លើកិច្ចការងារអភិវឌ្ឍន៍នេះ លោក បានមានប្រសាសន៍ថា ប្រទេសនៅលើសកលលោកទាំងអស់ ក៏ដូចជា គ្រប់សមាជិកអង្គការ សហប្រជាជាតិ បានឯកភាពគ្នា កាលពីឆ្នាំ២០១៥ថា បានកំណត់គោលដៅមួយ នៅឆ្នាំ២០៣០ ឲ្យឈានទៅដល់គោលដៅអភិវឌ្ឍន៍ ដោយចីរភាព (SDG) ហើយគោលដៅនេះបានកំណត់វិធានការ ចំនួន១៧ ក្នុងនោះ ផ្តោតលើការខិតខំរួមដៃ សហការគ្នា កាត់បន្ថយភាពក្រីក្រ ជាពិសេស ជួយប្រទេសកំពុងក្រីក្រ ឲ្យចាកផុតពីភាពក្រីក្រ ធានាថា ពិភពលោកមានសន្តិសុខស្បៀង ធានាប្រព័ន្ធសុខាភិបាលមានភាព កាន់តែល្អប្រសើរ ដើម្បីឲ្យមនុស្សជាតិមានសុខភាពល្អ ធានានូវការអប់រំប្រកបដោយគុណភាព ព្រមទាំងវិធានការ កាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ តាមរយៈទប់ស្កាត់ការបំពុលបរិស្ថាន។ ដូច្នេះ គំនិតផ្តួចផ្តើមនេះ គឺហាក់បីដូចជាការកំណត់រួម របស់អង្គការសហប្រជាជាតិថា នៅឆ្នាំ២០៣០ ត្រូវសម្រេចគោលដៅនេះ ជាការរម្លឹកពីការប្តេជ្ញាចិត្ត ជាសកល ដើម្បីចាកផុតពីភាពក្រីក្រទាំងអស់គ្នា ។

«អ្វីដែលោក ប្រធានរដ្ឋចិន បានលើកឡើង គឺជាការរម្លឹក ពីការប្តេជ្ញាចិត្ត របស់សមាជិកអង្គការ សហប្រជាជាតិ ទាំងអស់ថា សូមកុំភ្លេចថា យើងបានកំណត់គោលដៅ ហើយក្នុងគំនិតផ្តួចផ្តើមនេះ…មានអ្វីមួយដែលសំខាន់នោះ ដែលលោកប្រធានរដ្ឋចិន បានលើក គឺដើម្បីឈានទៅដល់គោលដៅ ដែលយើងបានកំណត់ នៅឆ្នាំ២០៣០នោះ គឺទាមទារ សហប្រតិបត្តិការ ទាមទារភាពជាដៃគូ អត់មាននរណាធ្វើម្នាក់ឯងបានទេ ពោលគឺ ចង់ឲ្យឃើញមានការជួយគ្នាទៅវិញទៅមក ។ ក្នុងគំនិតនេះ មានន័យថា យើងមានការប្រឈម នៅលើពិភពលោកនេះ ដំណោះស្រាយគឺការចាប់ដៃគ្នា ភាពជាដៃគូសហការ ការបង្គ្រប់គ្នា មួយពូកែធ្វើនេះ មួយពូកែធ្វើនោះ ។ល។ ដូច្នេះហើយបានជាខ្ញុំនិយាយថា ខ្ញុំបានតាមដាន ខ្ញុំបានឃើញខ្លឹមសារ ហើយខ្ញុំក៏បានលើកថា តើមានអ្នកណា ទៅអាចបដិសេធថា គំនិតផ្តួចផ្តើមមិនត្រឹមត្រូវនោះ? ព្រោះជាការរម្លឹក នៃការប្តេជ្ញាចិត្ត របស់សមាជិកអង្គការ សហប្រជាជាតិទាំងអស់ ដូច្នេះ នេះគឺជាគំនិតផ្តួចផ្តើមល្អប្រសើរមួយ ដែលនេះបង្ហាញពីឆន្ទៈរបស់មហាអំណាច សេដ្ឋកិច្ចរម្លឹកថា សូមកុំភ្លេចឲ្យសោះថា បញ្ហាមាន តែដំណោះស្រាយគឺតាមរយៈការចាប់ដៃគ្នា កិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីដោះស្រាយ»។

ក្នុងនាមជារដ្ឋមន្ត្រី អមនាយករដ្ឋមន្ត្រី ហើយក៏ធ្លាប់បានចូលរួម ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ រវាងប្រទេសកម្ពុជានិងចិន លោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានសង្កេតឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ពីមួយឆ្នាំ ទៅមួយឆ្នាំ គឺកាន់តែជិតស្និទ្ធជាបន្តបន្ទាប់ ហើយសង្ឃឹមថា ទៅថ្ងៃខាងមុខ មិត្តភាពនិងកិច្ចសហប្រតិបត្តិការនេះ នឹងកាន់តែមានភាពខ្លាំងក្លាបន្ថែមទៀត ជាក់ស្តែងបានឃើញតាមរយៈការរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ ជាដើម។
«ក្រៅពីការវិនិយោគ ដើម្បីបង្កើតការងារ ក៏មានការចូលរួមកសាង ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ ដូចជា ផ្លូវថ្នល់ ស្ពាន ថាមពល វារីអគ្គិសនី ដែលទាំងនេះគឺ ជាកត្តាចំបង ដើម្បីឲ្យគ្រប់ប្រទេស ធ្វើការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចបាន ដូច្នេះ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះការវិនិយោគ ពីសំណាក់ក្រុមហ៊ុនចិន ក៏ដូចជា ការផ្តល់ហិរញ្ញប្បទាន ឬជំនួយ មកដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយើងខ្ញុំបានសាងសង់ផ្លូវ ស្ពាន និងប្រព័ន្ធអគ្គិសនី ។ល។ ជាក់ស្តែង ក្នុងមួយខែតុលានេះ មានបងប្អូនមួយចំនួន បានសាកល្បងធ្វើដំណើរទៅខេត្តព្រះសីហនុ ដោយប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ ខេត្តព្រះសីហនុ នេះគឺជាគម្រោងដ៏ធំមួយ របស់ក្រុមហ៊ុនចិន ហើយផ្លូវនេះនឹងធ្វើឲ្យមានការជំរុញថែមទៀត លើសកម្មភាពសេដ្ឋកិច្ច ជាពិសេស ទេសចរណ៍នៅតាមតំបន់ឆ្នេរសមុទ្រ…. អ្វីដែលខ្ញុំចង់ លើកឡើងគឺថា ការចូលរួមរបស់រដ្ឋាភិបាលចិន ក៏ដូចជា ពីសំណាក់ក្រុមហ៊ុនចិន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បានចូលរួមធំធេងណាស់ ក្នុងការអភិវឌ្ឍ កន្លងមក នៅពេលនេះ និងពេលអនាគត សម្រាប់សង្គមសេដ្ឋកិច្ច» ។

រហូតមកដល់ខែតុលា ឆ្នាំ២០២២នេះ ប្រទេសចិន នៅតែជាប្រទេសប្រភពវិនិយោគធំ ជាងគេរបស់កម្ពុជា នេះបើតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយបញ្ជាក់ដែរថា ក្នុងរយៈពេលប្រាំបួនខែ ដើមឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានយល់ព្រមនូវ សំណើវិនិយោគ ចំនួន១៥០ គម្រោង ដែលកើនឡើង ចំនួន១៦គម្រោង បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ហើយទំហំវិនិយោគក៏កើនឡើង ប្រហែល ១០០លានដុល្លារផងដែរ ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top