ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នឹងបន្ដតាមដានស្ថានភាពជំងឺកូវីដ ដើម្បីត្រៀមដាក់ចេញវិធានការថ្មីៗបន្ថែមទៀត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្ដតាមដានជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩ ដើម្បីត្រៀមដាក់ចេញវិធានការថ្មីៗបន្ថែមទៀត សំដៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា «រាជរដ្ឋាភិបាល នឹងបន្តតាមដានជាប្រចាំ នូវស្ថានភាពនៃជំងឺកូវីដ-១៩ លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល, តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដូចជាការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធសកល ក្នុងបរិបទថ្មីៗ មកលើវិស័យសំខាន់ៗ ក្នុងទិសដៅធ្វើ បច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់ សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ទៅកំណើនសក្តានុពល សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយភាពធន់ ថឺរភាព និងបរិយាប័ន្ន ក្រោមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៣៧,៩៧៩នាក់, ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ១៣៤,៩០៨នាក់, ស្លាប់ចំនួន ៣,០៥៦នាក់៕

To Top