នយោបាយ

សម្តេចតេជោ ឱ្យបក្សភ្លើងទៀន ចេញមុខបញ្ជាក់ជំហរ និងបកស្រាយករណីទណ្ឌិត សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅកាន់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សភ្លើងទៀនប្រញាប់ចាកចេញពីបក្ស ចេញមុខបញ្ជាក់ជំហរ និងបកស្រាយករណីទណ្ឌិតសម រង្ស៊ី ជេរប្រមាថព្រះមហាក្សត្រ។

ការប្រាប់ចំៗឱ្យថ្នាក់ដឹកនាំ គណបក្សភ្លើងទៀន ធ្វើការបកស្រាយបញ្ជាក់នេះ បន្ទាប់ពីសម្តេចបានអះអាងថា សម្ដេចបានទទួលខ្សែអាត់សំឡេង របស់ថ្នាក់ដឹកនាំគណបក្សនេះ បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ និងកិច្ចប្រជុំនានា ជាមួយទណ្ឌិត សម រង្ស៊ី ពេលកន្លងមក។

ថ្លែងចេញពីទឹកដីខេត្តកំពង់ឆ្នាំង ក្នុងពិធីជួបសំណេះសំណាល និងផ្តល់ស្រូវពូជដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់នាព្រឹកថ្ងៃទី២៦ តុលាឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យថ្នាក់ដឹកនាំ គណបក្សភ្លើងទៀន ចេញមកពីបញ្ជាក់ តើការជេរប្រមាថរបស់ទណ្ឌិត សម រង្ស៊ី លើព្រះមហាក្សត្រជាការត្រឹមត្រូវឬទេ។

សម្តេចបានលើកឡើងថា បើសិនគណបក្សប្រជាជនកម្ពុជា មិនកាន់អំណាចទេប្រទេសកម្ពុជា នឹងមានសង្គ្រាមកើតឡើង ជាមិនខាន ជាក់ស្តែងទណ្ឌិតក្បត់ជាតិ សម រង្ស៊ីបានធ្វើការឃោសនាផ្តួលរំលំ រដ្ឋាភិបាលនៅឆ្នាំ២០២៣ ហើយជេរប្រមាថព្រះមហាក្សត្រ រហូតដល់ថាជាកូនក្បត់ជាតិ។ ច្បាស់ណាស់ថារយៈពេល៣ឬ៤អាទិត្យ កន្លងមក ជនក្បត់ជាតិរូបនេះ បានអំពាវនាវឲ្យកងកំលាំង ប្រដាប់អាវុធ ផ្តួលរំលំរដ្ឋាភិបាល ហើយចង់ផ្តល់រំលំរដ្ឋាភិបាល ដោយដឹកនាំប្រទេស បែបសាធារណរ ដ្ឋក៏បានធ្វើ។

សម្តេចបន្តថាឥឡូវនេះ មន្ត្រីរាជការ ប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ បណ្តាគណបក្សនយោបាយ បានចេញមកព្រមៗគ្នា ធ្វើការថ្កោលទោស អាមួយហ្នឹង(សម រង្ស៊ី)។

សម្តេច បានគូសបញ្ជាក់ថា «ឥឡូវខ្ញុំសូមនិយាយដោយត្រង់ៗជូនចំពោះឯកឧត្តម ទាវ វណ្ណុល ឯកឧត្តម ថាច់ សេដ្ឋា និងឯកឧត្តម សុន ឆ័យ ដែលជាមេដឹកនាំគណបក្សភ្លើងទៀន សូមចេញមកបញ្ជាក់ និងអះអាងថាតើការនិយាយ របស់អាសម រង្ស៊ី “ខ្ញុំនិយាយចំឈ្មោះ អាមួយហ្នឹងចុះ»ត្រឹមត្រូវ ឬមិនត្រឹមត្រូវ? យើងក៏បានការបញ្ជាក់ពីគណបក្សភ្លើងទៀន ឲ្យបានច្បាស់ថាតើការប្រមាថព្រះមហាក្សត្រ និងចាត់ទុកព្រះមហាក្សត្រ គ្មានមនសិការ និងជាជនក្បត់ជាតិ តើត្រឹមត្រូវឬទេ?”។

ជាមួយគ្នានោះដែរសម្តេចសង្ឃឹមថា ថ្នាក់ដឹកនាំនៃគណបក្សភ្លើងទៀន នឹងធ្វើការបញ្ជាក់ជូនជនរួមឲ្យបានជ្រាប ហើយសមាជិកសមាជិកា នៃគណបក្សភ្លើងទៀន សូមពិនិត្យមើលថា តើមេដឹកនាំគណបក្សភ្លើងទៀន ហ៊ានចេញមកអះអាង អំពីការជេរប្រមាថ ព្រះមហាក្សត្រនេះឬទេ។

សម្តេច នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថារឿងនេះមិនមែន ជារឿងតូច តាចហើយជារឿងលេងសើចនោះទេ! សមាជិកសមាជិកាគណបក្សភ្លើង ទៀនគួរតែផ្តាច់ខ្លួន ឲ្យបានឆាប់ដែលអាចធ្វើបានដើម្បីជៀសវាង នូវបញ្ហាណាមួយកើតឡើង ពីព្រោះជាមុខសញ្ញា ជាគោលដៅ ព្រោះជាកំលាំងម្ខាងសម្រាប់ គេផ្តួលរំលំរដ្ឋាភិបាល ហើយក៏ជាមួយគ្នាក្នុងការ ផ្តួលរំលំរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ»។

សម្តេចក៏អំពាវនាវឲ្យ សមាជិកសមាជិកា នៃគណបក្សភ្លើងទៀន គ្រប់ជាន់ថ្នាក់ចាកចេញ ពីគណបក្ស ឲ្យបានស្រូតបំផុត តាមដែលអាចធ្វើបាន ៕

To Top