ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការ បង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀន ១៦០គីឡូក្រាម ។
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក វ័រ វុទ្ធា នាយករងមន្ទីរ លោកវរសេនីយ៍ទោ សាន សុខបាន នាយរងការិយាល័យ (ក៧) មានការចូលរួមពីស្នងការដ្ឋាន នគរបាលរាជធានភ្នំពេញ ព្រមទាំងមានការដឹកនាំ សម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្រ្កាប ករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវ មកកម្ពុជា នៅចំណុច ផ្លូវលេខ៥៣ ស្ថិតក្នុង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះឃាត់ជនសង្ស័យ ៣នាក់រួមមាន៖ ១-ឈ្មោះ ង្វៀន ជុងហឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ វៀតណាម។ ២-ឈ្មោះ ប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ឡាវ។ ៣-ឈ្មោះ លឹម កុយ ភេទប្រុសអាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ។
វត្ថុតាងចាប់យកបាន៖ មេតំហ្វេតាមីន(ICE) ១៦០ដុំ ទម្ងន់ប្រមាណ១៦០គីឡូ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕