ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឲ្យថ្នាក់ដឹក និងសមាជិករបស់គណបក្សភ្លើងទៀន ឆាប់ចាកចេញពីបក្សមួយនេះ ដែលពាក់ព័ន្ធជាមួយជនក្បត់ជាតិ ទៅជ្រកកោនជាមួយគណបក្សផ្សេង ឬទៅចុះចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ខណៈបក្សភ្លើងទៀនអាចនឹងត្រូវរំលាយចោល។
ការបញ្ជាក់របស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជាបែបនេះ ខណៈសម្តេចបានទទួលខ្សែអាត់សំឡេង ពីកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នៅក្នុងប្រទេសជាមួយទណ្ឌិត សម រង្ស៊ី និងបក្ខពួកតាមអនឡាញ។
ថ្លែងក្នុងពិធីសំណេះសំណាល និង ផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករ ដែលរង គ្រោះ ដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃ២៦តុលា សម្តេចតេជោ ហ៊ុន សែន បាន បញ្ជាក់យ៉ាងដូច្នេះថា៖« ច្បាប់ស្តីពីគណបក្សនយោបាយ គឺចែងមិនឲ្យមានទំនាក់ទំនងជាមួយ ទណ្ឌិតនោះទេ ដូច្នេះចំណុចនេះគ្រាន់តែប្រាប់អ្នកឯងឲ្យបានដឹង តម្រុយឆ្ពោះទៅរកនៃដំណាក់ កាលមួយកំពុងប្រឈមសម្រាប់អ្នកឯង។ ដូច្នេះអ្វីដែលអ្នកធ្វើត្រូវតែបញ្ជាក់ ឲ្យច្បាស់តើការ អះអាងរបស់ សម រង្ស៊ី ថាព្រះមហាក្សត្រអត់មានមនសិការជាតិ អត់ស្នេហាជាតិ ក្បត់ជាតិ ហើយ ថាតែងតាំងព្រះមហាក្សត្រ ត្រឹមត្រូវឬមិនត្រូវចំណុច នេះខ្ញុំចង់បានការធានាមួយពីអស់លោក»។
សម្តេច ក៏បានប្រាប់ទៅកាន់ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនថា នេះមិនមែនជាការគំរាមកំហែង ប៉ុន្តែអស់លោកត្រូវដឹងថាជារាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីការពារព្រះមហាក្សត្រ ការពាររាជានិយម ការពាររាជបល្ល័ង្គ ។
សម្ដេចតេជោប្រកាស មិនអាចឲ្យអ្នកបំពានព្រះមហាក្សត្របានទេ ហើយសម្ដេចមាន សិទ្ធិសម្រាប់ចោទជាសំណួរ ទៅអ្នកមានការសង្ស័យទាក់ទង និងការបង្កើតភេរវកម្មចលាចល ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
សម្តេចគូសបញ្ជាក់ថា៖«អស់លោកកុំចោទថា គឺជាការបំភិតបំភ័យគំរាមកំហែងគណបក្សដទៃ ក៏ប៉ុន្តែរឿងនេះពាក់ព័ន្ធនឹងការចេញពីសេចក្តីថ្លែងការណ៍របស់អាម្សៀ សម រង្ស៊ីហ្នឹង ទេ! ឥឡូវនេះបើអ្នកឯងចិត្តសឿង ដាក់ឃ្លីបវីដេអូទាំងស្រុងមក ដែលពីម្សិលមិញគេ បាន កាត់កន្លែងជេរព្រះមហាក្សត្រ ចេញរួចបង្ហោះឡើងវិញ ប៉ុន្តែអ្នកឯងត្រូវដឹងនិងកុំភ្លេចថា នៅពេលអ្នកឯងឡាយភ្លាម គេបានយកឃ្លីបវីដេអូហើយ»។
សម្តេច ក៏បានសម្តែងក្តីសង្ឃឹមថា ដោយការគោរពចំពោះឯកឧត្តម ទាវ វណ្ណុល ឯកឧត្តម ថាច់ សេដ្ឋា និងឯកឧត្តម សុន ឆ័យ សូមធ្វើការឆ្លើយបញ្ជាក់ឱ្យសមហេតុផល ចំពោះសំណូមពរដ៏តូចមួយនេះ។
សម្តេចបញ្ជាក់បន្ថែមថា៖ «នេះជាផែនការផ្តួលរំលំរាជរដ្ឋាភិបាល និងជាផែនការប្តូរ របបដែលអាមេក្លោងមួយនេះ ធ្លាប់និយាយពេលកន្លងទៅ។ ហេតុអ្វីបានជាខ្ញុំចោទសួរ? ដោយ សារគណបក្សភ្លើងទៀន គឺបង្កើតដោយអាមួយហ្នឹង(សម រង្ស៊ី)អីញ្ចឹងទេវាជា កូនរបស់អាមួយហ្នឹង ហើយវាផ្តាច់គ្នាឬនៅ បញ្ហាវាស្ថិតនៅកន្លែងហ្នឹង»។
សម្តេច ក៏បានឲ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាចចាកចេញពីគណបក្សភ្លើងទៀន បានដោយរក្សាតួនាទីដោយរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មិនព្រមចុះហត្ថលេខាឲ្យធ្វើការដោះដូរ ។
សម្តេចបានគូសបញ្ជាក់ថា៖ «អ្នកដែលជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ ជាមេឃុំក្តី ជំទប់ក្តី អាចចាកចេញមក ដើម្បីនិយាយបញ្ហាផ្ទាល់ខ្លួនព្រោះធ្វើការ ជាមួយគណបក្សប្រជាជន ឧទារហណ៍ថាកន្លែងខ្លះ គណបក្សប្រជាជន មាន៦នាក់ គណបក្សភ្លើងទៀនមានមួយ។ ខ្ញុំសូមធា នាគ្មានអ្នកណាដោះដូរ បានទេបើសិនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច សខេង មិនដោះដូរ «…»អីញ្ចីដោះដូរបានត្រង់សម្តេច ស ខេង ចុះហត្ថលេខាឲ្យដូរ ឬអត់»។
សម្តេចបានបញ្ជាក់ទៀតថា៖ «អីញ្ចឹងសូមផ្ញើរសារ ទៅសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សភ្លើងទៀន ។ អ្នកនៅតែជាសមាជិកគណបក្សភ្លើងទៀនដដែល ដោយគ្រាន់តែអ្នកនិយាយថា «សម រង្ស៊ី និយាយខុស ប្រមាថព្រះមហាក្សត្រ រឿងអីមកដេញខ្ញុំ បន្ថែមលើនោះរដ្ឋមន្ត្រីមហាផ្ទៃ អត់ចុះហត្ថលេខា អីញ្ចឹងមេឃុំនៅតែមេឃុំ ជំទប់និងសមាជិកនៅតែដដែល »។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ចំពោះការជេរប្រមាថព្រះមហាក្សត្រនេះ ព្រះមហាក្សត្រព្រះរាជវង្សសានុវង្ស មិនធ្វើការតបតទេ ប៉ុន្តែរាជរដ្ឋាភិបាល ចាំបាច់ត្រូវតែធ្វើការតបត ហើយបណ្តាគណបក្សនយោបាយ រាប់ទាំងគណបក្សភ្លើងទៀន ត្រូវធ្វើការតបត ដើម្បីព្រះមហាក្សត្រ។
ចំពោះសំណុំរឿងជេរប្រមាថព្រះមហាក្សត្រនេះ ត្រូវបានសម្តេចសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «យើងមិនអាចនៅស្ងៀមបានទេ ហើយរឿងនេះនឹងក្លាយទៅជាសំណុំរឿងដ៏សាំញ៉ាំ ហើយមានលទ្ធភាព ដែលគណបក្សខ្លះមួយនឹងរលាយក៏អាចថាបាន បើគេធ្វើសកម្មភាពស្របនឹងសកម្មភាព របស់ជនក្បត់ សម រង្ស៊ី»។
សម្តេចលើកឡើងទៀតថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មិនអាចឲ្យជនក្បត់ធ្វើការប្រមាថ ព្រះមហាក្សត្របានទេ ហើយក៏មិនអាចឲ្យគំរាមផ្តួលរំលំរដ្ឋាភិបាល ហើយដេញស្តេច ឲ្យចុះចេញ ឬដូររបបជាសាធារណៈរដ្ឋ។
ជាមួយគ្នានោះដែរ សម្តេចសង្ឃឹមថាថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នឹងធ្វើការពិចារ ណាប្រកបដោយវិចារណញ្ញាន្ធ។ សម្តេចក៏បានឲ្យថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ទៅជ្រកកោនជាមួយគណបក្សដទៃក៏បាន សម្រាប់ដំណើរការប្រជាធិបតេយ្យ។
សម្តេចបញ្ជាក់ថា៖ «អាចទៅជ្រកកោន ជាមួយគណបក្សដទៃបាន បើមិនពេញចិត្តនៅ ជាមួយគណបក្សប្រជាជន ទៅគណបក្សដទៃទៅ ហើយគណបក្សដទៃទទួលយក ធ្វើជាសមាជិកទៅ ហើយមកគណបក្សប្រជាជន គឺគណបក្សទទួលយក ដើម្បីរៀបចំការ បោះឆ្នោតឆ្នាំ២០២៣។ យើងកំពុងដំណើរការ តាមប្រជាធិបតេយ្យ គេមកជំរុញដំណើរការ ផ្តួលរំលំដោយកំលាំងប្រដាប់អាវុធទៅវិញ អីញ្ចឹងរឿងនេះ មិនអាចទទួលយកបានទេ ត្រូវកំម្ចាស់ នយោបាយជ្រុលនិយម របស់ជនក្បត់ជាតិ៣ជំនាន់នេះទេ»។
សម្តេចក៏បានព្រមានថា អ្នកណាក៏ដោយដែលទាក់ទងនឹងជនក្បត់មួយនេះ នឹងទទួលផលបែបណានឹងដឹងហើយ ដោយរង់ចាំមើលថារាជរដ្ឋាភិបាល នឹងធ្វើបែបណាផងដែរ៕