ព័ត៌មានជាតិ

កម្មករនិយោជិត ត្រូវ​បាន​អនុញ្ញាត ឱ្យឈប់សម្រាក ៣ថ្ងៃដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យអុំទូក

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ បានអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ឈប់សម្រាក ដោយមានប្រាក់ឈ្នួល។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាពេលថ្មីៗនេះ បានបញ្ជាក់ថា «លោក លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាសអនុញ្ញាត ឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមាន ប្រាក់ឈ្នួលនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ ក្នុងរយៈពេល ៣ (បី) ថ្ងៃ គឺថ្ងៃទី៧ ទី៨ និងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២»។

ក្រសួងការងារ បានបញ្ជាក់ទៀតថា ចំពោះរោងចក្រ សហគ្រាសទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នា ក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាសនោះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិត បានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់វេនគ្នា។ 

ក្រសួង បន្ថែមថា កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួល ថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្ដូរគ្នាឈប់សម្រាក តាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។ ក្នុងករណីមានការព្រមព្រៀងគ្នា រវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិត អាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យ ដូចមានកំណត់ក្នុងប្រកាស ខាងលើ។

ក្រសួង សូមក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការ «៣កុំ ៣ការពារ» និងវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលផ្សេងទៀត ឱ្យបានខ្ជាប់ខ្ជួន៕

To Top