ព័ត៌មានជាតិ

លោក​ ឃួង​ ស្រេង​ ជួបសំណេះសំណាល និងប្រគល់អំណោយ ដល់មនុស្សចាស់ រស់នៅរាជធានីភ្នំពេញ ជាង៥០០នាក់

ភ្នំពេញ៖ ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២២ និងជាការបង្ហាញនូវការយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ចំពោះសុខទុក្ខរបស់មនុស្សចាស់ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជួបជុំសំណេះសំណាល ជាមួយលោកយាយលោកតា មកពីតាមបណ្តាខណ្ឌ និងមន្ទីរក្នុងរាជធានីភ្នំពេញ ចំនួន ៥២៥នាក់ ព្រមទាំងនាំយកអំណោយ របស់សម្តេចទាំងទ្វេរ ផ្តល់ជូនលោកយាយលោកតា នាឱកាសនោះផងដែរ។

ក្នុងនោះលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច និងអតិតយុទ្ធជន បានគូសបញ្ជាក់ថា ទិវាមនុស្សចាស់កម្ពុជាឆ្នាំ២០២២ ប្រព្រឹត្តទៅក្រោមប្រធានបទ “មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ” ក្នុងន័យផ្តល់នូវភាពកក់ក្តៅ និងបង្ហាញអោយកាន់តែច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់ ជាមួយមនុស្សវ័យចាស់ នៅរាជធានីភ្នំពេញ ព្រមទាំងឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា នឹងថែរក្សាមនុស្សចាស់ ឲ្យដូចថែរក្សាខ្លួនឯង។

ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយស អនុគណៈកម្មការមនុស្សចាស់ កម្ពុជារាជធានីភ្នំពេញ បានអបអរសាទរយ៉ាងខ្លាំង ចំពោះលោកយាយ លោកតា ដែលជាឃ្លាំងនៃចំណេះដឹង បទពិសោធន៍ ដែលប្រធានបទឆ្នាំនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់ អំពីតម្លៃដ៏មហាសាលរបស់មនុស្សវ័យចាស់ ឱ្យស័ក្តិសមទៅនឹងគុណបំណាច់របស់អស់លោក នឹងផ្តល់តំលៃយ៉ាងធំធេង តាមរយៈការកំណត់យកថ្ងៃទី១តុលា ជាថ្ងៃប្រារព្វទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ។

លោកអភិបាល បានលើកឡើងថា លោកតា លោកយាយ លោកពូ អ្នកមីង និងបងប្អូននិវត្តន៍ជនទាំងអស់ ដែលមានវត្តមាននាឱកាសនេះ គឺជាសាក្សីរស់ ដែលទទួលបានការស្រោចស្រង់ជីវិតខ្លួន និងក្រុមគ្រួសារពីជំងឺកូវីដ.១៩ តាមរយៈយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង អភិក្រមផ្ការីករបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីយ៉ាងពិតប្រាដក។

គួរឲ្យដឹងផងដែរថា យោងតាមទិន្ន័យរបស់មន្ទីរផែនការរាជធានីភ្នំពេញ ឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ មានមនុស្សវ័យចាស់ចាប់ពីអាយុ៦១ឆ្នាំឡើងទៅ សរុបចំនួន ១៣៣.៣៦៣នាក់ នៃប្រជាពលរដ្ឋរស់នៅ ក្នុងរាជធានីភ្នំពេញ៕

To Top