កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ នេះ បានដឹកនាំក្រុមការងារ មន្ត្រីពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាព ការសាងសង់ផ្លូវមួយខ្សែប្រវែង ជាង ១៣ គីឡូម៉ែត្រ ស្ថិតក្នុងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
តាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ ជាចំណងដៃថ្មី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្តល់ជូនដល់អ្នកស្រុកបាធាយ ជាពិសេសអ្នកភូមិរោធ ឃុំត្រប់ តែម្តង ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST មានប្រវែង ១៣,៥៧១ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ដែលអនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ផ្លូវមួយខ្សែនេះ កន្លងមក គឺមានសភាពចាស់ទ្រុឌទ្រោម ធ្វើឲ្យប្រជាពលរដ្ឋក្នុងតំបន់នេះ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់។ ប៉ុន្តែបន្ទាប់ពីរាជរដ្ឋាភិបាល បានផ្ដល់ផ្លូវមួយខ្សែនេះ រហូតមកដល់ពេលនេះ ជាលទ្ធផល អ្នកម៉ៅការសាងសង់ ជិតរួចរាល់ជាស្ថាពរហើយ ដោយនៅចំណុចខ្លះទៀតជាតំបន់ទំនាប រងការរំខាន រាំងស្ទះដល់ដំណើរការសាងសង់ ដោយជំនន់ទឹកភ្លៀង ដែលតម្រូវឲ្យអ្នកម៉ៅការរៀបចំបច្ចេកទេសថ្មី ។
បើតាម លោក ចាត ជួប ប្រជាពលរដ្ឋ នៅភូមិរោធ ឃុំត្រប់ បានឲ្យដឹងថា កន្លងទៅប្រជាពលរដ្ឋភូមិរោធ មានការលំបាកនៅក្នុងការធ្វើដំណើរ ឬដឹកផលដំណាំកសិផលផ្សេងៗ យកមកលក់នៅទីផ្សារ ដែលមានចម្ងាយផ្លូវប្រវែងជិត ១៤ គីឡូម៉ែត្រ ដោយសារផ្លូវមានការលំបាកខ្លាំងក្នុងការធ្វើដំណើរ ទាំងរដូវប្រាំងនិងរដូវវស្សា ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋជួបប្រទះនូវការខ្វះខាតច្រើនផងដែរ ។ ប៉ុន្តែផ្លូវមួយខ្សែនេះ ក្រោយពេល អាជ្ញាធរខេត្តកំពង់ចាម បានសាងសង់ស្ថាបនា ជាផ្លូវកៅស៊ូប្រភេទ DBST ធ្វើអោយប្រជាពលរដ្ឋអបអរសាទរ និងត្រេកអរយ៉ាងខ្លាំង ដែលបានប្រើប្រាស់ផ្លូវនេះ ជាមធ្យោបាយឆ្លងកាត់ ក៏ដូចជាការដឹកកសិផលយកទៅលក់នៅទីផ្សារ បានងាយស្រួល និងឆាប់រហ័ស ធ្វើឱ្យជីវភាពរបស់ពួកគាត់ មានភាពប្រសើរឡើងវិញ ៕