ព័ត៌មានជាតិ

ក្រសួង ប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រ «កម្ពុជាឆ្ពោះទៅឌីជីថល» និងកម្មវិធីប្រកួតប្រជែង ផលិតមាតិកាវីដេអូអប់រំ

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ក្នុងទិសដៅជំរុញការអភិវឌ្ឍចំណេះដឹងឌីជីថល និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាព បានរៀបចំកម្មវិធី «កម្ពុជាឆ្ពោះទៅឌីជីថល» (Go Digital Cambodia) ស្របតាមទិសដៅកំណត់ ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍ នាពេលថ្មីៗនេះ បានបញ្ជាក់ថា តាមរយៈកម្មវិធីនេះ បានបង្កើតគេហទំព័រ godigital.gov.kh ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំព័ត៌មាន ទិន្នន័យ ចំណេះដឹងឌីជីថលចាំបាច់មានជាអាទិ៍ សុវត្ថិភាពតាមប្រព័ន្ធអនឡាញ មុខងារឧបករណ៍ឌីជីថល ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ការទិញទំនិញអនឡាញ និងការយល់ដឹងពីបច្ចេកវិទ្យាហិរញ្ញវត្ថុ។

តាមរយៈថ្នាលឌីជីថលនេះ សាធារណជនអាចស្វែងរកព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងការធ្វើបរវិត្តកម្មឌីជីថលនៅកម្ពុជា និងអាចចូលរួមនៅក្នុងគំនិតផ្តួចផ្តើមនានា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ប្រកបដោយបរិយាបន្ន។

ដើម្បីគាំទ្រដល់ការដាក់ឱ្យប្រើប្រាស់កម្មវិធី «កម្ពុជាឆ្ពោះទៅឌីជីថល» និងជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់ តែមានប្រយោជន៍ដល់អ្នកទស្សនា ជាពិសេសលើកស្ទួយ ដល់អ្នកផលិត មាតិកាវីដេអូ ប្រកបដោយគំនិតច្នៃប្រឌិត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីប្រកួតប្រជែង ផលិតមាតិកាវីដេអូអប់រំ លើប្រធានបទចំនួនពីរ៖ (១) មួយថ្ងៃក្នុងពិភពឌីជីថល និង (២) វិធីរក្សាគណនីហ្វេសប៊ុកឱ្យមានសុវត្ថិភាព។

សម្រាប់ប្រធានបទទី១ បេក្ខជនតម្រូវឱ្យរៀបចំមាតិកាវីដេអូចែករំលែកបទពិសោធពីការប្រើប្រាស់ឧបករណ៍/កម្មវិធីឌីជីថលនានា (Digital Tools) ដែលមានប្រយោជន៍បម្រើឱ្យការសិក្សា ឬការងារប្រចាំថ្ងៃរបស់ខ្លួន។ សម្រាប់ប្រធានបទទី២ បេក្ខជនតម្រូវឱ្យរៀបចំជាមាតិកា វីដេអូស្តីពីវិធីសាស្រ្តនានា ក្នុងការរក្សាសុវត្ថិភាពគណនីហ្វេសប៊ុករបស់ខ្លួន។

មាតិកាវីដេអូចំនួនបី ដែលទទួលបានពិន្ទុខ្ពស់ជាងគេ សម្រាប់ប្រធានបទនីមួយៗនឹងទទួលបានរង្វាន់ពីកម្មវិធីពី ១លាន ដល់ ៤លានរៀល។ ជ័យលាភីទាំងអស់ នឹងមានឱកាសក្លាយ ជាអ្នកផលិតមាតិកា អប់រំសម្រាប់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងត្រូវអញ្ជើញ ចូលរួមកម្មវិធីជជែក សំណេះសំណាល ជាមួយតំណាងក្រុមហ៊ុនហ្វេសប៊ុក នៅកម្ពុជាផងដែរ ៕

To Top