ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ៖ កុងស៊ីបញ្ចាំដែលគ្មានច្បាប់ បង្កបទល្មើសត្រូវតែមានទោសទណ្ឌ

ភ្នំពេញ៖  ក្នុងកិច្ចប្រជុំពិភាក្សាការងារ លើការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទាន នៅក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា កុងស៊ីបញ្ចាំដែលមិនមានច្បាប់ បង្កបទល្មើស ត្រូវតែមានទោសទណ្ឌ ។ 

ការលើកឡើង របស់លោក ឃួង ស្រេង ខាងលើនេះ ក្នុងគោលបំណង ដើម្បីឲ្យកុងស៊ីបញ្ចាំ ធ្វើអាជីវកម្មដោយស្របច្បាប់ មិនបង្កបទល្មើស ការពារផលប្រយោជន៍ ជូនប្រជាពលរដ្ឋ និងរកចំណូលជូនជាតិ ។ 

កិច្ចប្រជុំពិភាក្សា ដែលបានធ្វើឡើង នៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ មានការចូលរួម ពីអគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ,ប្រធានសមាគមអ្នកទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទានកម្ពុជា និងគណៈប្រតិភូនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំផងដែរ។

លោកឃួង ស្រេង បានលើកឡើងថា កិច្ចប្រជុំពិភាក្សានេះធ្វើឡើងដើម្បីស្វែងរកធាតុចូលមួយ យកមកអនុវត្តឲ្យបានល្អ ទាំងអ្នកបើកអាជីកម្មបញ្ចាំ និងអ្នកយកទ្រព្យទៅបញ្ចាំ ។

លោកបន្តថា ជាទូទៅ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវការពារផលប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋ ។ កុងស៊ីបញ្ចាំដែលមិនមានច្បាប់ បង្កបទល្មើស ត្រូវតែមានទោសទណ្ឌ។ អាជ្ញាធររាជធានីភ្នំពេញ មិនបានហាមឃាត់បងប្អូនប្រជាពលរដ្ឋ ក្នុងការបើកអាជីវកម្ម កុងស៊ីបញ្ចាំនោះទេ តែកុងស៊ីបញ្ចាំនោះត្រូវតែ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ។

លោក ឃួង ស្រេង បានបន្តទៀតថា កុងស៊ីបញ្ចាំនេះ មាន២ ៖ទី១ កុងស៊ីបញ្ចាំស្របច្បាប់ វាបានបំរើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ ខណៈដែលប្រជាពលរដ្ឋមានបញ្ហាអ្វីមួយ ហើយយកទ្រព្យរបស់ពួកគាត់ទៅបញ្ចាំដើម្បីដោះស្រាយ ។ ទី២ កុងស៊ីបញ្ចាំមិនស្របច្បាប់ វាបានបង្កហានិភ័យ សម្រាប់ប្រជាពលរដ្ឋ ដោយវាបានបង្កឲ្យមានបទល្មើសលួចឆក់ប្លន់។

លោកអភិបាលបញ្ជាក់ថា ដូច្នេះការងារនេះយើង ត្រូវរៀបចំឲ្យបានល្អ ដើម្បីបំរើផលប្រយោជន៍ទាំងសងខាង ពោលគឺបានប្រយោជន៍ ទាំងកុងស៊ីបញ្ចាំ និងអ្នកយកទ្រព្យទៅបញ្ចាំ និងបានរកចំណូលចូលរដ្ឋថែមទៀត។ 

គួរឲ្យដឹងផងដែរថា ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងកុងស៊ីបញ្ចាំខុសច្បាប់ ជាទ្រង់ទ្រាយធំ នៅក្នុងរាជធានីភ្នំពេញ ឃើញថា បទល្មើសលួចឆក់ ប្លន់ ធាក់យកម៉ូតូ បានស្ងប់ស្ងាត់ ដែលការងារនេះ ត្រូវតែបន្តអនុវត្តឲ្យកាន់តែល្អប្រសើរថែមទៀត៕

To Top