បន្ទាយមានជ័យ: ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ បានសហប្រតិបត្តិការរួមគ្នា ដឹកនាំនគរបាលក្រោមឱវាទ ចុះស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាចោរលួចរថយន្ត បាន១ករណី នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំកូប ស្រុកអូរជ្រៅ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដោយកម្លាំងនគរបាលការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃខេត្តទាំង២ និងនគរបាលចរាចរណ៍ផ្លូវគោក ។ ជនសង្ស័យមានឈ្មោះ ពុំ ឆៃណា ភេទប្រុស ២៣ឆ្នាំ រស់នៅភូមិមួយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រួមជាមួយវត្ថុតាង រថយន្ត១គ្រឿង ម៉ាកធុនត្រា ដែលបានលួចពី ភូមិទួលធំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ រួចជនសង្ស័យបានបើករថយន្តមកលាក់ខ្លួន នៅក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ បានបញ្ជាក់ថា ដោយ មានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ទោស្នងការ និងការសំរបសំរួលពី លោកព្រះរាជអាជ្ញា អមសាលាខេត្តបន្ទាយមានជ័យ ករណីខាងលើ បានធ្វើការប្រគល់ជូន ជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
