ភ្នំពេញ៖ គណបក្សភ្លើងទៀន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍ ដោយបានប្រកាសបដិសេធ ចំពោះការចោទប្រកាន់នានា អំពីទំនាក់ទំនងរវាងគណបក្សភ្លើងទៀន និងលោក សម រង្ស៊ី។
តាមរយៈសេចក្ដីថ្លែងការណ៍ របស់គណបក្សភ្លើងទៀន សូមបញ្ជាក់នូវជំហររបស់ខ្លួន ជាសាធារណៈ ដូចខាងក្រោម៖
-គណបក្សភ្លើងទៀន គោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ នៃអង្គព្រះមហាក្សត្រ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។
-គណបក្សភ្លើងទៀន ថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពាន ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
-គណបក្សភ្លើងទៀន គោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលក្ខន្តិកៈគណបក្ស ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។
-គណបក្សភ្លើងទៀន បានដំណើរការការងារ និងធ្វើសេចក្តីសម្រេចចិត្តនានា ដោយមានការទទួលខុសត្រូវក្នុងអធិបតេយ្យភាពពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈគណបក្ស ដោយមិនស្ថិតនៅក្រោមការបង្គាប់បញ្ជា ដោយផ្ទាល់ ឬប្រយោល ពីបុគ្គល ឬគណបក្សនយោបាយណាមួយឡើយ។
ឆ្លៀតក្នុងឱកាសនេះដែរ គណចក្សភ្លើងទៀត សូមរំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលមិនទាន់មាន ឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមឃើញទៅចុះឈ្មោះបោះ ឆ្នោតឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំ-សង្កាត់សាមីុ ឬ នៅតាមបណ្តាភូមិសាមីុ ដើម្បីមានសិទ្ធិបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។