បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២២ បានចាត់តាំងឱ្យ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង លោកវរសេនីយ៍ឯក យី ប៊ុនរឿង ស្នងការរង និងសហការី បានអញ្ជើញ នាំយក ថវិកា ១,០០០,០០០រៀល ចុះជួបសួរសុខទុក្ខ និងឧបត្ថម្ភដល់ កុមារាម្នាក់ រស់នៅមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹម ឈ្មោះ ក្រឹង ណារូ អាយុ ៧ឆ្នាំ ដែលត្រូវពស់ចឹក កាលពីល្ងាចថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្ត-ភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរី។
ក្នុងឱកាសនោះដែរ លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ក៏បានពាំនាំសួសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្ត ដល់កូន បើទោះបីជាថវិកាបន្តិចបន្តួចពិតមែន តែជាទឹកចិត្ត ជួយក្មួយក្នុងអំឡុងពេលកំពុងសម្រាកព្យាបាល ជាពិសេសសូមបន្តថែរក្សាសុខភាពឱ្យបានល្អ រក្សាអនាម័យ និងជូនពរក្មួយឆាប់ជាពីជំងឺ ។
លោក ប៊ុន ឈួយ ប្រធានមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹម សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ លោក ឧត្តមសេនីយ៍ទោស្នងការ ដែលតែងតែមានចិត្តសប្បុរស ឧបត្ថម្ភ ជ្រោមជ្រែង យកចិត្តទុកដាក់ចំពោះ ការរស់នៅរបស់កុមារកំព្រាកន្លងមកជាបន្តបន្ទាប់ ហើយអំពើរល្អទាំងនេះយើងខ្ញុំសូមចងចាំទុកក្នុងបេះដូង។ លោកក៏បានជូនពរ សូមឲ្យលោកឧត្តមសេនីយ៍ទោស្នងការ និងសហការី សូមទទួលបានសុខភាពល្អ និងជួបពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ប៊ុន សំណាង