ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ដែងនូវការខកចិត្ត ចំពោះក្រុមហ៊ុនសាងសង់ ដែលសុំពន្យារពេលសាងសង់ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ជាច្រើនលើកជាច្រើនសារ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានបង្ហាញការមិនសូវសប្បាយចិត្តចំពោះគុណភាពផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ឡើយ ខណៈក្រុមហ៊ុនកូរ៉េសុំពន្យារពេលសាងសង់ឱ្យរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២៣ ដែលពេលវេលាក្រសួងកំណត់គឺឱ្យរួចរាល់នៅខែមេសា ឆ្នាំ២០២២។
លោករដ្ឋមន្ត្រីបញ្ជាក់ថា «ផ្លូវជាតិលេខ២ (ភ្នំពេញ ទៅតាកែវ) និងផ្លូវជាតិលេខ២២។ យើងបានបើកការដ្ឋានសាងសង់ផ្លូវនេះ ជាធម្មតាតាមការគ្រោងទុក ផ្លូវជាតិលេខ២ និងលេខ២២ ត្រូវធ្វើឱ្យហើយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។ ប៉ុន្តែក្រុមហ៊ុនសាងសង់មានការយឺតយ៉ាវ សុំពន្យារសាងសង់រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ឥឡូវនេះផ្លូវនេះធ្វើបានតែ ៩០ភាគរយនៅឡើយ។ ដូច្នេះក្រុមហ៊ុនសុំស្នើសុំពន្យារម្តងទៀតរហូតដល់ខែ៥ ឆ្នាំ២០២៣»។
បើតាមលោក ស៊ុន ចាន់ថុល កន្លងមកក្រសួងសាធារណការ បានជួបពិភាក្សាការងារជាមួយភាគីកូរ៉េ ដើម្បីសិក្សាលើគុណភាពផ្លូវទាំងពីរនេះធ្វើយ៉ាងណាឱ្យផ្លូវទាំងនេះ សាងសង់ដោយមានបច្ចេកទេស គុណភាព និងរឹងមាំបានយូរអង្វែង។ ជាមួយគ្នានេះក្រសួងក៏តែងតែចុះទៅត្រួតពិនិត្យលើបច្ចេកទេសសាងសង់ផ្លូវទាំងនេះអស់ជាច្រើនលើកមកហើយ។ ប៉ុន្តែការសាងសង់គឺមិនត្រូវតាមបច្ចេកទេសត្រឹមត្រូវឡើយ។
ការណ៍នេះហើយលោកបាននិយាយថា៖ «យើងមិនចង់ឮពាក្យថា ក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើផ្លូវជាប់រហូត ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ។ ក្រសួងសាធារណការ និងដឹកជញ្ជូនចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង។ យើងខ្ញុំមិនចង់ឮ»។
សូមបញ្ជាក់ថា គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និងលេខ២២នេះ ប្រើប្រាស់ថវិកា ដែលជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ៕