ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការ ដើម្បីប្រើអត្តសញ្ញាណប័ណ្ណ សម្រាប់កាន់ទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ (Video)

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការនានា ដើម្បីអនុវត្តសិទ្ធ ជាពិសេសប្រើប្រាស់អត្ដសញ្ញាប័ណ្ណសញ្ជាតិខ្មែរ សម្រាប់កាន់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៧ តុលា នេះ បាន​ឱ្យ​ដឹង​ថា ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋ ពិសេសការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់កាន់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការអនុវត្តដូចខាងក្រោម៖

ទី១-ផ្អែកលើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលរក្សាទុកក្នុងប្រព័ន្ធម៉ាស៊ីនមេគ្រប់គ្រងទិន្នន័យ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវរៀបចំចងក្រង និងបោះពុម្ភបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលផុតសុពលភាព និងបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញណ ប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងផុតសុពលភាព រយៈពេល ៩០ថ្ងៃខាងមុខ តាមឃុំ សង្កាត់ ទូទាំងប្រទេស។ 

ទី២-ចំពោះប្រជាពលរដ្ឋដែលបានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាមីខ្លួនត្រូវធ្វើសេចក្តី រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំពេញបែបបទ ទទួលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។

ទី៣-ប្រជាពលរដ្ឋដល់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ហើយដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមសាមីខ្លួនទំនាក់ទំនងមក អាជ្ញាធរឃុំ សង្កាត់សាមី ដើម្បីបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

និងទី៤-បង្កើតយន្តការអន្តរអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ រួមមាន អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីដឹកនាំគណៈកម្មការជំរុញផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រាជធានី ខេត្ត ក្នុងការអនុវត្តយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៣។

ដើម្បីធានាការអនុវត្តការងារខាងលើនេះឱ្យទទួលបានជោគជ័យ ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមុនផុតសុពលភាពរយៈពេល ៩០ថ្ងៃ ប្រជាពលរដ្ឋបានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រជាពលរដ្ឋដែលគ្រប់អាយុ១៨ឆ្នាំ នៅថ្ងៃបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ សូមទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីមកបំពេញបែបបទ ប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា និងបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលនៅជិតបំផុត៕

To Top