បច្ចេកវិទ្យា

គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល រៀបចំផ្សព្វផ្សាយស្តីពី វេបផតថលសម្រាប់ធុរកិច្ច និង សេដ្ឋកិច្ចឌីជីថលកម្ពុជា

ភ្នំពេញ៖ ក្រោយការដាក់អនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ កាលពី ខែ ឧសភា ឆ្នាំ ២០២១ កន្លងទៅ រាជរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តគោលនយោបាយគន្លឹះក្នុងការផ្តល់ ព័ត៌មានពិតឱ្យបានគ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ស្តីពីដំណើររបស់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គម ឌីជីថល តាមរយៈវេបផតថល និងមធ្យោបាយផ្សព្វផ្សាយនានា ជាក់ស្ដែងនារសៀលថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២២នេះ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុន Meta បានសហការរៀបចំសិក្ខាសាលាស្ដីពី “វបផតថលសម្រាប់ធុរកិច្ច និង សេដ្ឋកិច្ចឌីជីថលកម្ពុជា” នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh Hotel) ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់វិស័យ ឯកជន និងវិស័យសាធារណៈ ក៏ដូចជាលើកទឹកចិត្តឱ្យសាធារណជនប្រើប្រាស់នូវវេបផតថល និងគេហទំព័រសំខាន់ៗ ពាក់ព័ន្ធនឹងធុរកិច្ច និងសេដ្ឋកិច្ចឌីជីថល។

សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោម អធិបតីភាពរបស់ លោក​បណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដោយមានការចូលរួមពី តំណាងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន, សមាគម និង សង្គមស៊ីវិល សរុបប្រមាណ ១២០ រូប។

លោក​បណ្ឌិត គង់ ម៉ារី បានថ្លែងថា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជាត្រូវបាន តាក់តែងឡើងក្នុងគោលបំណងកសាងសេដ្ឋកិច្ចឌីជីថល ឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី ដ៏រឹងមាំរបស់កម្ពុជា និង ជាប្រព័ន្ធអេកូឡូស៊ីចម្រុះ សំដៅក្នុងការរួមចំណែកបង្កើនផលិតភាព និង ប្រសិទ្ធភាពសេដ្ឋកិច្ច និង លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃសង្គមឌីជីថល កម្ពុជា។ ក្នុងន័យនេះ ថ្នាល និង វេបផតថលគាំទ្រ ត្រូវបានសន្មតថាជាកាតាលីករដ៏ចាំបាច់ ក្នុង ការជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមចក្ខុវិស័យច្បាស់លាស់ នោះគឺ “ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និង បដិវត្តកម្ម ឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និង ទាំងធុរជន ដើម្បីជំរុញសន្ទុះកំណើន សេដ្ឋកិច្ចថ្មី និង លើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី- នៃក្របខណ្ឌគោល នយោបាយសេដ្ឋ-កិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

លោកបន្តថា ការចូលរួមពីវិស័យសាធារណៈ និង វិស័យឯកជន ប្រៀបបាននឹង ធាតុផ្សំពីរយ៉ាងស្រួចស្រាល់ ដោយវិស័យទាំងពីរមានតួនាទីដើរទន្ទឹមគ្នានិង អាចបំពេញ ចន្លោះឱ្យគ្នាទៅវិញទៅមកបាន ក្នុងការជំរុញល្បឿនបរិវត្តកម្មឌីជីថល ដើម្បីធានាបាននូវ នវានុវត្តន៍នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និង ប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជី ថលជារួម ។ ដោយសម្លឹងឃើញពីសក្តានុពល និង កាលានុវត្តភាពនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការអភិវឌ្ឍសេដ្ឋ កិច្ច និង ជំរុញធុរកិច្ចឌីជីថលរាជរដ្ឋាភិបាលកម្ពុជា បាន និង កំពុង អភិវឌ្ឍវេបផតថលគាំទ្រ សំខាន់ៗមួយចំនួនដូចជា៖ (១) គេហទំព័រគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល, (២) ថ្នាលធុរកិច្ច business.gov.kh, (៣ថ្នាលធុរកិច្ចថ្មីកម្ពុជាStartup Cambodia, និង (៤) គម្រោង GolfeCam ។ ទៀតសោត វិស័យឯកជន ដូចជាក្រុមហ៊ុន Meta (ពីមុន ជាក្រុមហ៊ុន Facebook) សហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (Open Development Cambodia) ក៏បាន . និង កំពុង ប្រឹងប្រែងក្នុងការផ្សព្វផ្សាយពីគុណប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ឌីជីថលសម្រាប់ វិស័យធុរកិច្ច និង ដំណើររបស់កម្ពុជាក្នុងការឆ្ពោះទៅកាន់សេដ្ឋកិច្ច និង សង្គមឌីជីថលដែរ តាមរយៈការដាក់ចេញនូវ ផតថលសេដ្ឋកិច្ចឌីជីថល ដែលនឹងដាក់ដំណើរ ការនាថ្ងៃនេះ។

លោកបន្ថែមថា វេបផតថលសំខាន់ៗ និង ថ្នាលតន្លឹះជាច្រើនទៀតនឹងលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញឱ្យតួអង្គសំខាន់ទាំង៣ ក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល គឺពលរដ្ឋឌីជីថល, រដ្ឋាភិបាលឌីជីថល និង ធុរកិច្ចឌីជីថល អាចត្រៀមខ្លួននិងចូលរួម ចំណែកក្នុងដំណើរបរិវត្តកម្មឌីជីថល។

តាមរយៈសិក្ខាសាលានាថ្ងៃនេះលោកសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ដែលមកពី ក្រសួង-ស្ថាប័ន និង វិស័យឯកជន នឹងអាចស្វែងរកបានបន្ថែមនូវព័ត៌មានសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងការជំរុញការធ្វើបដិវត្តកម្មឌីជីថល តាមរយៈការចូលទៅប្រើប្រាស់វេបផតថលដែល បានលើកឡើង។ លោកក៏សូមលើកទឹកចិត្តដល់ទាំងវិស័យសាធារណៈ និង វិស័យឯកជន ចូលរួមប្រើ ប្រាស់, ផ្តល់ធាតុចូលដើម្បីកែលម្អ និង ផ្សព្វផ្សាយបន្ថែមទៅកាន់ដៃគូ ដើម្បីពង្រីកវិសាលភាព ប្រើប្រាស់ និង អាចទាញប្រយោជន៍ចេញពីវេបផតថលទាំងនេះ។ បន្ថែមលើនេះ, ក្រុមការងារ ទទួលបន្ទុកត្រូវបន្តរៀបចំកម្មវិធីផ្សព្វផ្សាយផតថលដ៏មានសារៈសំខាន់ទាំងនេះ ឱ្យកាន់តែទូលំ ទូលាយ ទៅកាន់គ្រប់វិស័យ ជាពិសេសវិស័យឯកជន ដើម្បីអាចទាញប្រយោជន៍ជាអតិបរមា ចេញពីព័ត៌មានដែលមានស្រាប់។

សូមជម្រាបផងដែលថា សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់វិស័យ ឯកជន និងវិស័យសាធារណៈ ក៏ដូចជាលើកទឹកចិត្តឱ្យសាធារណជនប្រើប្រាស់នូវវេបផតថល និងគេហទំព័រសំខាន់ៗ ពាក់ព័ន្ធនឹងធុរកិច្ច និងសេដ្ឋកិច្ចឌីជីថល ដែលមានដូចជា ៖ (១) គេហទំព័ររបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (www.digitaleconomy.gov.kh) ដាក់បង្ហាញនូវសកម្មភាពការងាររបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ទិន្នន័យ ថ្នាល ឌីជីថល និងគម្រោងគាំទ្រសំខាន់ៗពាក់ព័ន្ធនឹងវិស័យដែលគាំទ្រដល់សេដ្ឋកិច្ច និងសង្គមឌីជីថល។ ២) ថ្នាលធុរកិច្ច (www.business.gov.kh) ប្រមូលផ្តុំព័ត៌មានស្ដីពីការធ្វើធុរកិច្ចនៅកម្ពុជា ដាក់ក្នុង កន្លែងតែមួយ សម្រួលដល់ធុរជនក្នុងការស្វែងរកព័ត៌មានស្ដីពីការស្នើសុំវិញ្ញាបនបត្រ, អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតធ្វើអាជីវកម្ម និងកិច្ចការងារផ្សេងៗទៀតក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។ (៣) ថ្នាលធុរកិច្ចថ្មីកម្ពុជា (www.startupcambodia.gov.kh) ជាផ្នែកមួយនៃកម្មវិធីថ្នាក់ជាតិធុរកិច្ច ថ្មីកម្ពុជា បង្កើតឡើងដើម្បីរៀបបញ្ជីនៃតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជាសំដៅបង្កើនអន្តរ សកម្មរវាងតួអង្គគាំទ្រធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីឲ្យកាន់តែមានភាពប្រទាក់ក្រឡា និងរស់រវើក។ (៤) គម្រោង Go4eCam ផ្តល់នូវលក្ខខណ្ឌចាំបាច់ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការ ធ្វើបរិវត្តកម្មឌីជីថល និងទទួលបានសិទ្ធិប្រើប្រាស់ថវិកាតាមតម្រូវការ ក្នុងការចាប់យកពាណិជ្ជ កម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការធ្វើអាជីវកម្មឱ្យមានលក្ខណៈផ្លូវការ ដើម្បីគាំទ្រដល់ការតៀម ខ្លួនក្នុងការនាំចេញ។

ទន្ទឹមនេះសិក្ខាសាលាក៏បានផ្សព្វផ្សាយពីវេបផតថលសេដ្ឋកិច្ចឌីជីថល (www.dep.kh) ដែលជាវេប ផតថលផ្តល់ព័ត៌មានស្តីពីសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដែលរៀបចំឡើងដោយអង្គការទិន្នន័យអំពីការ អភិវឌ្ឍ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Meta ផងដែរ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដែលបានមើលឃើញពីសារៈសំខាន់, សក្តានុពល និងកាលានុវត្តភាពនៃការ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញធុរកិច្ចឌីជីថលនៅប្រទេសកម្ពុជា ដែលក្នុង នោះការទទួលបានទិន្នន័យ និងព័ត៌មានគ្រប់ជ្រុងជ្រោយ និងអាចទុកចិត្តបាន ពីសកម្មភាពសេដ្ឋកិច្ចនិងធុរកិច្ច ឌីជីថល តាមរយៈវេបផតថល និងមធ្យោបាយផ្សព្វផ្សាយខាងលើ មានសារៈសំខាន់ក្នុងការជំរុញការចាប់យក ឌីជីថល និងបរិយាប័ន្នឌីជីថល និងលើកស្ទួយការយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងដំណើរន ការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដែលរស់រវើក និងប្រកបដោយបរិយាប័ន្ន។ ទន្ទឹមនេះការរៀបចំសិក្ខាសាលានេះឡើង បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសារៈសំខាន់នៃសហថាមពល (Synergy) ដែលកើតឡើងរវាងកិច្ចសហប្រតិបត្តិការ និងវិស័យរដ្ឋ និងឯកជន ក្នុងការជំរុញឱ្យមានការចាប់យកឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថលនៅលើគ្រប់វិស័យ និងតួអង្គ។

សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានលទ្ធផលគាប់ប្រសើរដូចការរំពឹងទុកថែមទាំង ទទួលបានធាតុចូលល្អៗជាច្រើន តាមរយៈការពិភាក្សា, ការចែករំលែកទស្សនាទាន, គំនិតនវានុវត្តន៍ និងបទ ពិសោធន៍ជាក់ស្តែងពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់៕

To Top