ព័ត៌មានជាតិ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកា ជាង ៩.៦ ពាន់លានដុល្លារ

ភ្នំពេញ ៖ នៅឆ្នាំ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាលក្ពុជា គម្រោងចំណាយថវិកាចំនួន ៣៩ ២០៦ ២០៥លានរៀល គិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៩.៦ពាន់លានដុល្លារ ស្មើនឹង ២៩.៨៧% នៃផលិតផលក្នុងស្រុកសរុប (ផសស) មានកំណើន១៣% បើធៀបនឹងច្បាប់ឆ្នាំ២០២២។

យោងតាមខ្លឹមសារសង្ខេបប្រតិបត្តិ ស្តីពី សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ បានឱ្យដឹងថា «សម្រាប់ឆ្នាំ ២០២៣ ចំណាយសរុបថវិការដ្ឋ ឬចំណាយសរុបថវិកាជាតិ ត្រូវបានគ្រោងចំនួន ៣៩ ២០៦ ២០៥ លានរៀល ត្រូវជា ២៩,៨៧% នៃ ផសស មានកំណើន ១៣,០% ធៀបនឹងច្បាប់ឆ្នាំ ២០២២ ដែលក្នុងនោះ ចំណាយចរន្តថវិការដ្ឋមានចំនួន ២២ ៩២៨ ៩៣២ លានរៀល, ត្រូវជា ១៧,៤៧% នៃ ផសស, កើនឡើង ១០,០% ធៀបនឹងច្បាប់ឆ្នាំ ២០២២ និងចំណាយមូលធនថវិការដ្ឋមានចំនួន ១៦ ២៧៧ ២៧៣ លានរៀល, ត្រូវជា ១២,៤០% នៃ ផសស, មានកំណើន ១៧,៥% ធៀបនឹងច្បាប់ឆ្នាំ ២០២២»។

ដោយឡែក ក្នុងក្របខ័ណ្ឌ នៃគោលដៅខាងលើ រាជរដ្ឋាភិបាលត្រូវបង្កើនចំណូលសរុបថវិការដ្ឋ ឬចំណូលសរុបថវិកាជាតិ ឱ្យស្មើនឹង ៣៦ ៧៦៧ ៦៧០ លានរៀល ក្នុងនោះ ចំណូលចរន្តថ្នាក់ជាតិឱ្យស្មើនឹង ២៥ ៥៦៤ ៤២៨ លានរៀល (ដែលរួមមាន ចំណូលសារពើពន្ធ ២៣ ៤២១ ៩២៤ លានរៀល និង ចំណូលមិនមែនសារពើពន្ធ ២ ១៤២ ៥០៤ លានរៀល)។

លើសពីនេះ ចំណូលមូលធនថវិការដ្ឋ ត្រូវបានគ្រោងចំនួន ៨ ៦០០ ៧៣៥ លានរៀល, ត្រូវជា ៦,៥៥% នៃ ផសស, មានកំណើន ២,៥% ធៀបនឹងច្បាប់ឆ្នាំ ២០២២ ក្នុងនោះចំណូល មូលធនក្រៅប្រទេសស្មើនឹងប្រមាណ ១៩% នៃចំណាយថវិការដ្ឋសរុបឆ្នាំ ២០២៣ ប៉ុណ្ណោះ៕

To Top