ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នឹងជំរុញគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត ឱ្យបានឆាប់រហ័ស

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានប្ដេជ្ញា នឹងសហការជាមួយដៃគូអភិវឌ្ឍន៍ ជំរុញគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត ឱ្យបានឆាប់រហ័ស។

សូមជម្រាបថា យោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ដែលសាង សង់ និងវិនិយោគលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសី ហនុ បន្តធ្វើការវិនិយោគសាង សង់ផ្លូវល្បឿនលឿនភ្នំពេញ- បាវិត ក្រោមក្របខណ្ឌសាង សង់-ធ្វើអាជីវកម្ម-ផ្ទេរ។

យោងតាមសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា «រាជរដ្ឋាភិបាល នឹងសហការជាមួយដៃគូអភិវឌ្ឍ ជំរុញគម្រោង សាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ឱ្យបានឆាប់រហ័ស»។

គួរបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញឥបាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី ២ ក្នុងប្រទេសកម្ពុជាបន្ទាប់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ខណៈផ្លូវនេះគឺជាផ្លូវថ្មីទាំងស្រុងដែលមានប្រវែងសរុបប្រហែល ១៣៥ គីឡូម៉ែត្រ។ ហើយត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាមតែម្ដង ដោយគ្រោងចំណាយថរិការសាងសង់ប្រហែល ២ ពាន់លានដុល្លារ។

បើតាមលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជួន បានឱ្យ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតគ្រោងនឹងបើកការដ្ឋានសាងសង់នៅខែមិថុនាឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីកម្ពុជា បានបញ្ចប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលបានជួយជំរុញដល់សេដ្ឋកិច្ចជាតិ៕

To Top