ព័ត៌មានជាតិ

សម្ដេចតេជោ​ នឹងបន្ដចុះសួរសុខទុក្ខ​ និងចែកស្រូវពូជដល់ពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់​ តាមបណ្ដារាជធានី-ខេត្ត

ភ្នំពេញ​ ៖​ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ នឹងបន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមបណ្ដារាជធានី-ខេត្ត រងគ្រោះដោយទឹកជំនន់។ 

យោងតាម សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល អំពីលទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២​ បានឱ្យដឹងថា​ “សម្ដេចតេជោ នាយករដ្ឋមន្ដ្រី​ នឹងបន្តចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ប្រជាពលរដ្ឋនៅតាមបណ្ដារាជធានី-ខេត្ត និងនាំយកស្រូវពូជ និងស្បៀងអាហារដើម្បីចែកជូនប្រជាពលរដ្ឋដែលបាននឹងកំពុងរងគ្រោះដោយ សារ គ្រោះ ទឹកជំនន់”។

នាឱកាសនោះ​  សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ដែលបានយកចិត្តទុកដាក់និងជួយឧបត្ថម្ភនូវអាវរងាជូនដល់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងឈរជើងនៅតាមព្រំដែនគោកនិងដនដីកោះ នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរនិង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកថា​ សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមបេសកកម្មការងារនៅខេត្តជុំវិញបឹងទន្លេសាប នាថ្ងៃទី២១ -២៦​ ខែតុលា ឆ្នាំ២០២២ នឹងអញ្ជើញចែកស្រូវពូជនិងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តកំពង់ធំ​នៅថ្ងៃទី២៩​ តុលា​ ដោយឡែក ព្រៃវែង​ ថ្ងៃទី៣០​ តុលា៕

To Top