ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្ដេជ្ញាមិនឱ្យយកម្ពុជា ធ្លាក់ក្នុងភ្លើងសង្គ្រាមម្ដងទៀត

ភ្នំពេញ ៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានធ្វើការប្ដេជ្ញាចិត្តខ្ពស់មិនឱ្យប្រទេសកម្ពុជា រអិលធ្លាក់ចូលក្នុងភ្លើងសង្រ្គាមឡេីងវិញឡើយ ព្រោះសង្គ្រាម បំផ្លិច បំផ្លាញប្រទេសជាតិ។

ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៦៨៤៤គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ឱ្យតែមានសុខសន្ដិភាព ប្រជាពលរដ្ឋខ្មែរ អាចធ្វើអ្វីបានគ្រប់យ៉ាង។

សម្ដេចតេជោ បានបញ្ជាក់ថា «ឱ្យតែមានសន្ដិភាព យើងអាចធ្វើអ្វីបានគ្រប់យ៉ាង ធ្វើម៉េចកុំឱ្យប្រទេសនេះ រអិលធ្លាក់ចុះសង្គ្រាមវិញ បំផ្លិច បំផ្លាញធ្ងន់ធ្ងរណាស់អាសង្គ្រាមនេះ ហើយខ្លួនខ្ញុំផ្ទាល់ ត្រូវរបួសរហូតដល់ប្រាំសារ ចុងក្រោយពិការភ្នែកម្ខាង»។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំប្រជាជនធ្វើការតស៊ូប្រយុទ្ធយ៉ាងអង់អាច ដើម្បីរំដោះប្រទេសជាតិពីការឈ្លានពានត្រួតត្រារបស់ពួកបរទេស និងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា ដែលបានបញ្ចប់ទាំងស្រុងសម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងទំព័រប្រវត្តិសាស្ត្រថ្មីនៃការកសាងទឹកដីឡើងវិញរបស់ប្រជាជនយើងលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។ សម្ដេចតេជោ បានយកជីវិតធ្វើជាដើមទុន និងកសាងប្រទេសកម្ពុជាឈានដល់ការរីកចម្រើនដូចសព្វថ្ងៃពីបាតដៃទទេ។ ដើម្បីមានកម្ពុជា នាពេលបច្ចុប្បន្ន សម្តេច បានចូលសមរភូមិសង្គ្រាមចំនួន ១០៥លើក របួស ៥ដង និងពិការភ្នែកម្ខាងថែមទៀតផង៕

To Top