ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នា ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។
លោក បានថ្លែងថា ស្របនឹងឱកាសនៃការប្រារព្ធខួបទី ១៣ ឆ្នាំ នៃការបង្កើត CEO Master Club, សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពចូលរួមចំណែកជាច្រើនរបស់ CEO Master Club ក្នុងនាមជាស្ថាប័នបណ្តុះបណ្តាលសហគ្រិនភាព ដែលមានទស្សនវិស័យ និងបេសកកម្មប្រកបដោយគុណតម្លៃជាក់ស្តែង ពោលគឺ ការកសាង និងការពង្រឹងសមត្ថភាព អ្នកដឹកនាំធុរកិច្ចក្នុងស្រុកឱ្យក្លាយជាអគ្គនាយកអាជីពប្រកបដោយចំណេះដឹង និងជំនាញច្បាស់លាស់ក្នុងការដឹកនាំ, គ្រប់គ្រង និងចាត់ចែងសា្ថប័នអាជីវកម្ម ពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារអន្តរជាតិ ដោយធានាបាននូវវឌ្ឍនភាពអាជីវកម្មប្រសើររឹងមាំ និងលឿនឆ្ពោះទៅមុខ ព្រមជាមួយនឹងការជួយបង្កើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រឹងភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន-សហគ្រាសកម្ពុជានៅលើទីឆាកអន្តរជាតិ។
លោក ក៏សូមអបអរសាទរដល់ជ័យលាភី CEO Master Club ឆ្នាំ២០២២ ដែលបានខិតខំប្រឹងប្រែងកសាងសមត្ថភាព និងការជួយជ្រោមជ្រែងគ្នា ទៅវិញទៅមក ប្រកបដោយសាមគ្គីភាព និងភាតរភាព ព្រមទាំងបានប្រើប្រាស់ និងអនុវត្តជាក់ស្តែងនូវចំណេះដឹង និងចំណេះធ្វើ ទទួលបានពីវគ្គបណ្តុះបណ្តាលនានារបស់ CEO Master Club សម្រាប់ការដឹកនាំ, គ្រប់គ្រង និងចាត់ចែងអាជីវកម្មរបស់ខ្លួន រហូតទទួលបាននូវវឌ្ឍនភាព, វិបុលភាព និងជោគជ័យ ដ៏គួរឱ្យកត់សម្គាល់។
មិនតែប៉ុណ្ណោះ លោកម៉ាណែត សូមកោតសរសើរដល់សហគ្រិនកម្ពុជាទាំងអស់ ដែលបានចូលរួមលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ប្រទេសយើង តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករ និងវិនិយោគិនអន្តរជាតិ និងការបង្ហាញអំពីចំណុចវិជ្ជមានប្រកប ដោយសក្តានុពលរបស់កម្ពុជា និងការចូលរួមទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេស ជាពិសេសការណែនាំឱ្យមិត្តបរទេសបានស្គាល់, គោរព, និងផ្តល់តម្លៃចំពោះប្រទេសកម្ពុជា។ ទាំងនេះ គឺជាការចូលចំណែកមួយដ៏សំខាន់ ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល នៅក្នុងបេសកកម្មនៃការនាំប្រទេសកម្ពុជាទៅកាន់ពិភពលោក, ការធ្វើឱ្យពិភពលោក ស្គាល់ច្បាស់ពីកម្ពុជា និងការលើកកម្ពស់សហគ្រិនភាពកម្ពុជា ដើម្បីលើកស្ទួយកិត្យានុភាពជាតិ, ធានាបាននូវភាពប្រកួតប្រជែង, រក្សាបាននូវស្ថិរភាពម៉ាក្រូ និងជំរុញកំណើនសេដ្ឋកិច្ចជាតិនៅក្នុងកម្រិតតំបន់ និងសកល។
លោក រំលេចផងដែរថា សហគ្រាសអាជីវកម្ម គឺជាកោសិកាសំខាន់នៃវិស័យឯកជន ហើយវិស័យឯកជនជាកោសិកាសំខាន់នៃសេដ្ឋកិច្ចជាតិ។ ដូច្នេះ គោលដៅសំខាន់នៃការលើកកម្ពស់សេដ្ឋកិច្ចជាតិ គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើនប្រកបដោយសមធម៌ ដែលអាចធានាបាននូវលំនឹងស្ថិរភាពនៃសង្គមជាតិ។ ក្នុងនេះ មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម គឺជាមូលដ្ឋានសំខាន់ ហើយគឺជាអាទិភាពចម្បងសម្រាប់ពង្រឹងការរីកចម្រើនបច្ចុប្បន្ន និងទៅអនាគត។ ដូច្នេះហើយ ការជួយជម្រុញមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម គឺជាគោលដៅអទិភាពក្នុងការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ ហើយបន្តជំរុញជាប្រចាំ។ ពិតណាស់ ការពង្រឹងកំណើនសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនប្រកបដោយចីរភាព ភាពធន់ និងនិន្តរភាព គឺទាមទារឱ្យមានការចូលរួមមិនអាចខ្វះបានពីសហគ្រិនគ្រប់វិស័យ ដូចដែលទស្សនៈរបស់លោកបណ្ឌិត អោម សេង បូរ៉ា ដែលបានលើកឡើងថា៖ សហគ្រិន គឺជាបុគ្គលស្នេហាជាតិ ដែលមានបេសកកម្មឧត្តុង្គឧត្តមក្នុងការកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យ តាមរយៈ (i) ការចូលរួមផ្គត់ផ្គង់ផលិតផល និងសេវាកម្មសំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គម, (ii) ការបង្កើតការងារជូនប្រជាពលរដ្ឋ និង (iii) ការកសាងធនធានមនុស្ស និង (iv) ការបង្កើនចំណូលថវិកាជាតិតាមរយៈការបង់ពន្ធជូនរដ្ឋ។
លោក ស្នើបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការជួយសហគ្រិនទាំងអស់ តាមរយៈបង្កលក្ខណៈឱ្យមានបរិយាកាសប្រកួតប្រជែង និងចូលរួមទាំងអស់គ្នាក្នុងទីផ្សាសេរីប្រកបដោយតម្លាភាព និងទេពកោសល្យរៀងៗខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បន្តខិតខំប្រឹងប្រែងក្នុងការរិះរកគ្រប់មធ្យោបាយក្នុងការសិក្សាស្រាវជ្រាវ ដើម្បីរៀបចំការតម្រង់ទិសជាក់លាក់ ទាំងលើការពង្រឹង និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាល កម្រិតចំណេះទូទៅ និងបច្ចេកទេសវិជ្ជាជីវៈ (TVET) រួមទាំងការស្វែងរកទីផ្សាសម្រាប់ផលិតផលរបស់កម្ពុជា នៅបរទេស៕