ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI Cambodia) បានរៀបចំមហាសន្និបាតថ្នាក់ជាតិប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី២៩ ខែតុលា កន្លងទៅនេះ ដោយមានការចូលរួមពីក្រុមប្រឹក្សាថ្នាក់ជាតិ ថ្នាក់សាខា និងសមាជិកសមាជិកា មកពី ៦សាខា ប្រមាណជាង ៩០នាក់។
មហាសន្និបាតថ្នាក់ជាតិនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួនពីរ៖
គោលបំណងទី១ គឺធ្វើរបាយការណ៍ពីសមិទ្ធិផលប្រចាំឆ្នាំរបស់ថ្នាក់ជាតិ និងសាខាទាំង ៦របស់សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា និងគោលបំណងទី២ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលអណត្តិថ្មីសម្រាប់ឆ្នាំ២០២៣ របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាថ្នាក់ជាតិ និងសាខាទាំង៦។
គួរជម្រាមជូនថា លោក ឃឹម ប៊ុនឡែន ត្រូវបានមហាសន្និបាតថ្នាក់ជាតិបោះឆ្នោត ជាប់ជាប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា សម្រាប់ឆ្នាំ២០២៣។
គួរបញ្ចាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI Cambodia) មានបេសកកម្មផ្តល់ឪកាសអភិវឌ្ឍសមត្ថភាពសម្រាប់យុវជនអោយក្លាយជាអ្នកដឹកនាំឆ្នើម សម្រាប់ពិភពលោកដែលកំពុងមានការផ្លាស់ប្តូរ (Developing Leaders for a Changing World) ដើម្បីជាប្រយោជន៍សម្រាប់យុវជនខ្លួនឯងផ្ទាល់ សម្រាប់គ្រួសារ និងសង្គមជាតិរបស់យើងទាំងមូល។
មហាសន្និបាតនេះបានបញ្ចប់ដោយជោគជ័យក្រោមបរិយាកាសរីករាយ និងទទួលលទ្ធផលគួរជាទីគាប់ចិត្ត។











