ភ្នំពេញ៖ ជនសង្ស័យ មេខ្លោងជួញដូរគ្រឿងញៀន ចំនួន៣នាក់ រួមមាន: ខ្មែរ វៀតណាម និង ឡាវ កាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២២ ត្រូវបានចៅក្រម ស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ បន្ទាប់ពីបញ្ចប់ ការសាកសួរ ចម្លើយ ជាប់ពាក់ព័ន្ធ នឹងការជួញដូរគ្រឿងញៀន ឆ្លងដែន ជិត១៦០គីឡូក្រាម ប្រព្រឹតនៅ ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ២៥ ខែ តុលា កន្លងទៅនេះ ។

យោងតាមដីការបស់តុលាការ បានអោយដឹងថា៖ ជនត្រូវចោទទាំង៣នាក់ ខាងលើនេះ មានឈ្មោះ ៖ ទី១-ឈ្មោះ ង្វៀន ជុងហឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ វៀតណាម។ ទី២-ឈ្មោះ ប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឡាវ។ និង ទី៣-ឈ្មោះ លឹម កុយ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ។
ពួកគេត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ«ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន» និង អាចត្រូវជាប់គុក ក្នុងម្នាក់ៗ អស់មួយជីវិត ប្រសិន តុលាការរកឃើញ ពិរុទ្ធភាព។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន ដោយ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀននៃ មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៥ ខែ តុលា នៅចំណុចកើតហេតុខាងលើ ។
សមត្ថកិច្ចនគរបាល រឹបអូសបានគ្រឿងញៀនរួមមាន មេតំហ្វេតាមីន (ICE) ១៦០ដុំ ទម្ងន់ប្រមាណ ១៦០គីឡូក្រាម ពីពួកគេ ៕
ដោយៈ លីហ្សា
