ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជាបានលើកឡើងថា អ្នកខ្លះធ្វើជំនាញកសិកម្ម តែសាងសង់រោងម៉ាស៊ីនកិនស្រូវ ជំពាក់លុយគេមិនទាន់សង។ ជាមួយគ្នានេះ ខណៈ សម្ដេចក៏បានសង្កេតឃើញថា មន្ដ្រីកសិកម្មនៅតាមខេត្តមួយចំនួន មានឈ្មោះតែកសិកម្ម ប៉ុន្ដែដាំចេកមិនបានហូប។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការតែងតាំង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនទាមទារឱ្យមានជំនាញកសិកម្មនោះទេ ព្រោះជំនាញកសិកម្មមានច្រើនណាស់។ អ្វីដែលទាមទារជាចាំបាច់នោះ គឺការគ្រប់គ្រង ការចាត់ចែង និងការដាក់ចេញទិសដៅនានា។
សម្ដេចតេជោ បន្ដថា ភាពជាដឹកនាំអ្វីដែលសំខាន់ គឺចេះប្រើប្រាស់មន្ដ្រីដែល ក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីដាក់ចេញគោលនយោបាយ ដឹកនាំធ្វើការងារឱ្យបានត្រឹមត្រូវបំផុត។ សម្ដេច បន្ដថា កុំវាយតម្លៃរដ្ឋមន្ដ្រីកសិកម្មថ្មី ហើយកុំគិតថា «ទាល់តែអាញជំនាញកសិកម្ម ទើបសមរម្យ»។
សម្ដេចតេជោ បញ្ជាក់ថា «អ្នកខ្លះធ្វើជំនាញកសិកម្ម ធ្វើតែរោងម៉ាស៊ីនកិនស្រូវជំពាក់លុយគេ មិនទាន់សង ខ្ញុំមិនដឹង ចឹងធ្វើកសិកម្មខ្លួនឯងមិនចេះផង»។
សម្ដេចតេជោ បន្ថែមថា «ពីដើមខ្ញុំ ឧស្សាហ៍ដើរទៅតាមខេត្ត មិនមែនជាការបន្ទោសបង្អាប់ មន្ដ្រីកសិកម្មនៅតាមខេត្តទេ ក៏ប៉ុន្ដែចង់ដាស់តឿន ខ្ញុំថា ពួកអស់លោកកសិកម្ម មានឈ្មោះតែកសិកម្មទេ តែដាំចេកមិនដែលឃើញបានផ្លែស៊ី ឥឡូវត្រូវរកផ្លែមកចុចប្រហុក ប៉ុន្ដែមិនត្រូវរករបស់ប្រជាជន ទៅរករបស់កសិកម្មដាំ កន្លែងមន្ទីរនីមួយៗ អត់មានដើមឈើទេ អត់មានដាំបន្លែ ដាំបង្ការ អត់ជាងសាលារៀនដែលគ្រូបង្រៀន ធ្វើកន្លែងក្មេងដាំ អាហ្នឹងរឿង»៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
