ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងចំអកឱ្យក្រុមប្រឆាំងដែល មិនហ៊ានរំលឹកពីអតីតកាល របស់ប្រទេសកម្ពុជា ស្មើនឹងមិនហ៊ានរំលឹកពីគុណតម្លៃ ឪពុកម្តាយ របស់ខ្លួនឯង។
នាឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បើមនុស្សមិនស្គាល់ពីអតីតកាលហើយ ស្មើនឹងមិនស្គាល់ ឪពុកម្ដាយ ខ្លួនឯង។
សម្ដេចតេជោ បន្ដថា នៅក្រោយបញ្ចប់សង្គ្រាម ប្រទេសកម្ពុជា ពុំទាន់មានអ្វីនោះឡើយ ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរមួយចំនួន មានរថយន្ត និងម៉ូតូជិះ ក៏នៅតែក្រុមប្រឆាំង ជេររាជរដ្ឋាភិបាលទៀត។
សម្ដេចតេជោ បញ្ជាក់ថា «អ្នកខ្លះ គេនៅតែនិយាយថា ចុះទៅរំលឹកស្អីពីអតីតកាល បើអ្នកមិនរំលឹកពីអតីតកាល ស្មើនឹងអ្នកអត់ស្គាល់ ម៉ែឪ ខ្លួនឯងចេញពីណាមក។ អ្នកខ្លះអត់ហ៊ានរំលឹកទេ ខ្លាច ព្រោះខ្លាចអី ព្រោះពីដើមចេញមកអត់មានអីទេ តែឥឡូវនេះមានឡានជិះ វាជេរឯងទៀត»។
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា កាលពីអតីតកាល តើវេទនាប៉ុណ្ណា? អ្នកខ្លះនៅគណបក្សផ្សេងៗមិនហ៊ានរំលឹកពីអតីតកាលឡើយ។ សម្ដេច បន្ថែមថា ថ្ងៃទី៧ មករា មិនមែនរបស់ គណបក្សប្រជាជនកម្ពុជា ឡើយ គឺរបស់ប្រជាជនគ្រប់រូប៕