ស្វាយរៀង ៖ ផ្លូវលំ៣ខ្សែប្រវែង៣.៤៥០ម៉ែត្រ ក្នុងសង្កាត់បាវិត ត្រូវបានជួសជុល និងពង្រីកក្រាលថ្មម៊ិច ឡើងវិញ ដើម្បីសម្រួលនូវទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ លើផ្លូវនេះ ដែលកន្លងមកមានស្នើសុំ ពីពលរដ្ឋឱ្យអាជ្ញាធរ ធ្វើការជួសជុលនិង កែរលម្អរផងដែរ។
លោក សាញ់ សាខុន ចៅសង្កាត់បាវិត នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានមានប្រសាសន៍ឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ ក៏ដូចជាការចង្អុលបង្ហាញ ពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងសំណូមពរ របស់បងប្អូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ក៏ដូចជាការស្នើសុំ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះរដ្ឋបាលក្រុងបាវិត ក៏ដូចជារដ្ឋបាល សង្កាត់បាវិត បានធ្វើការជួសជុលនិង ពង្រីកក្រាលថ្មម៊ិចឡើងវិញ ដើម្បីងាយស្រួលធ្វើដំណើរផ្លូវលំចំនួន ៣ខ្សែប្រវែង៣.៤៥០ម៉ែត្រទទឹង៧ម៉ែត្រ ឆ្លងកាត់ចំនួន២ភូមិ គឺភូមិតាពៅ១ខ្សែ, និងភូមិបាវិតកណ្តាល ចំនួន២ខ្សែ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
លោកចៅសង្កាត់បាវិត បានឲ្យដឹងទៀតថា ចំពោះថវិកាក្នុងការជួសជុលនេះ ជាថវិការបស់សប្បុរសនានាទាំងទីជិត ទីឆ្ងាយចូលទៅតាមលទ្ធភាព អ្នកខ្លះ១ឡាន.ខ្លះ២ឡាន.៣ឡាន ដោយមានការអំពាវនាវ ពីសំណាក់លោកអភិបាលក្រុង នាពេលកន្លងមក ពីព្រោះថាផ្លូវទាំង៣ខ្សែនេះ មានសភាពតូចចង្អៀត និង ខូចខាតច្រើនហើយនៅរដូវវស្សា ស្ថានភាពផ្លូវគឺមានទឹកដក់និងរអិល ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវទាំងបីនេះ ជាពិសេសគឺនៅពេលបងប្អូន ប្រជាពលរដ្ឋដឹកកសិផល មកកាន់ទីផ្សារតែងតែជួបការលំបាក ក្នុងការធ្វើដំណើរ។
លោកចៅសង្កាត់មានប្រសាសន៍ បន្ថែមថាសម្រាប់ការពង្រីក និងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ ពីប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវសូមជួយ សម្រួលដល់អាជ្ញាធរក្នុងការជួសជុល ស្ថាបនាផ្លូវទាំង៣ខ្សែនេះឡើងវិញផងដែរ ជាពិសេសគឺផលប៉ះរបងផ្ទះ របស់ពួកគាត់ក្នុងការពង្រីកផ្លូវ។
ហើយនៅពេលផ្លូវនេះ បានជួសជុលរួចហើយនោះ សូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ ដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃមិនថា នៅទីក្រុងឬជនបទនោះឡើយ។
ម៉្យាងទៀត ក៏សូមសំណូមពរ និងស្នើឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយត្រូវគិតថា ផ្លូវជាសម្បត្តិរួម ដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ ។
ដោយឡែកប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែលបានធ្វើដំណើរ ឆ្លងកាត់ផ្លូវខាងលើនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ ដែលបានធ្វើការកែលម្អ ក៏ដូចជាជួសជុលផ្លូវទាំងអស់ នៅមូលដ្ឋានឡើងវិញ ដើម្បីសម្រួលដល់ ការធ្វើដំណើរ ដោយមិនព្រងើយ កន្តើយទុកឲ្យប្រជាពលរដ្ឋ ជួបការលំបាកនោះឡើយ សំខាន់គឺដោះស្រាយបញ្ហាប្រឈម និងទុក្ខលំបាក របស់ប្រជាជន នៅមូលដ្ឋានឱ្យបានល្អប្រសើរ៕