ព័ត៌មានជាតិ

សម្ដេចតេជោ ៖ វិបត្តិកូវីដ-១៩ តួនាទីវិស័យទេសចរណ៍ត្រូវមើលឃើញថា កាន់តែចាំបាច់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ជាការពិតណាស់ ឆ្លងកាត់នូវវិបត្តិកូវីដ-១៩ រយៈពេល ២ឆ្នាំកន្លងមកនេះ តួនាទីនៃវិស័យទេសចរណ៍ ត្រូវបានមើលឃើញថា កាន់តែចាំបាច់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់សង្គមជាតិ។

នាឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ដ្រីទេសចរណ៍អេកម៉ិក (ACMECS) លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ដ្រីទេសចរណ៍ CLMV លើកទី៦ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំកន្លងមករបស់ថ្នាក់ដឹកនាំទេសចរណ៍អេកម៉ិក និងCLMV ដែលតាមរយៈកិច្ចប្រជុំ២ឆ្នាំម្ដង បានជំរុញឱ្យមានកំណើននៃលំហូរទេសចររវាងប្រទេសជាសមាជិក ក៏ដូចជាកិច្ចសហការផ្សព្វផ្សាយទាក់ ទាញទេសចរពីប្រទេសទីបី បានយ៉ាងមានប្រសិទ្ធភាព ក្រោមយុទ្ធនាការ «ប្រទេស៥ គោលដៅទេសចរណ៍តែមួយ និងប្រទេស៤ គោលដៅទេសចរណ៍តែមួយ»។

សម្ដេចតេជោ បញ្ជាក់ថា «ពិតណាស់ថា ឆ្លងកាត់វិបត្តិកូវីដ-១៩ រយៈពេល ២ឆ្នាំ កន្លងមកនេះ តួនាទីនៃវិស័យទេសចរណ៍ត្រូវ បានមើលឃើញកាន់តែចំបាច់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់សង្គមជាតិ ហើយជាពិសេសតួនាទីដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិនិងប្រជាជាតិ, សាមគ្គីភាព និងមិត្តភាពន ប្រទេសក្នុងតំបន់»។

ក្នុងន័យនេះ ជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេសចរណ៍អេកម៉ិក និង CLMV ទាំងពេល បច្ចុប្បន្ន និងអនាគត សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានចែករំលែកនូវការគិតគូរមួយចំនួន ដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ដូចតទៅ៖ អេកម៉ិក និង CLMV គួរបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍផលិតផលថ្មីៗ បំពេញឱ្យគ្នា ទៅវិញទៅមក និងផ្ដល់នូវភាពសំបូរបែបដល់ទេសចរ ស្របតាមការប្រែប្រួលនិន្នាកាទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩។

សម្ដេចតេជោ បន្ដថា ក្នុងបរិបទឌីជីថលូបនីយកម្ម ប្រទេសអេកម៉ិក និង CLMV គួរជំរុញការផ្លាស់ប្ដូរបទពិសោធន៍ លើដំណើរការបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ក្នុងនោះគួរដកពិសោធន៍គ្នាទៅវិញ ទៅមក លើការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនផលិតភាព និងឧត្តមភាពប្រកួតប្រជែង។

លើសពីនេះ សម្ដេចតេជោ បន្ថែមថា អេកម៉ិក និងCLMV គួរគិតគូរជំរុញលំហូរទេសចរផ្ទៃក្នុងតំបន់អាម៉ិក (ACMECS-Intra Traveler) និងលំហូរទេសចរផ្ទៃក្នុងតំបន់ CLMV (CLMV-Intra Traveler) ដោយត្រូវគិតគូរ ផងដែរ លើការបង្កើនការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក បន្ថែមទៀត ព្រមទាំងជំរុញ ទេសចរណ៍បើកបរដោយខ្លួនឯង (Self-Driving Tour)៕

To Top