ព័ត៌មានជាតិ

ADB និងEDC ចុះហត្ថលេខាលើ អាណត្តិសម្រាប់កម្មវិធី ថាមពលពន្លឺព្រះអាទិត្យ និងថាមពលផ្ទុកថ្ម ២ជីហ្គាវ៉ាត់ នៅកម្ពុជា (Video)

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើអាណត្តិ សេវាប្រឹក្សាប្រតិបត្តិការ ជាមួយក្រុមហ៊ុនអគ្គិសនីជាតិកម្ពុជា Électricité du Cambodge (EDC) ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ថាមពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ (GW) នៅកម្ពុជា ដែលនឹងជួយឱ្យប្រទេសសម្រេច បាននូវគោលដៅអព្យាក្រឹតភាព កាបូនត្រឹមឆ្នាំ ២០៥០។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ថ្មីៗនេះ បានបញ្ជាក់ថា ក្នុងអាណត្តិកម្មវិធីនេះ ADB នឹងជួយ EDC ធ្វើការសិក្សាទូទាំងប្រទេស ស្តីពីឱកាសសម្រាប់សមត្ថភាព ថាមពលពន្លឺព្រះអាទិត្យបន្ថែម រួមជាមួយនឹងប្រព័ន្ធផ្ទុកថាមពលថ្ម (Battery Engergy Storage System – BESS) ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ ២០៣០។ ADB ក៏នឹងជួយដល់ EDC ក្នុងការដាក់ដេញថ្លៃ គម្រោងសាកល្បង ១០០មេហ្គាវ៉ាត់ ដែលកំណត់ក្រោមការសិក្សា ខាងលើទៅវិស័យឯកជន ដែលនឹងសាងសង់ ផ្តល់ហិរញ្ញប្បទាន និងដំណើរការគម្រោង។

គម្រោងសាកល្បងនេះ ត្រូវបានគេរំពឹងថា នឹងប្រមូលទុនបានរហូតដល់ ១០០លានដុល្លារអាមេរិក និងធ្វើជាគំរូក្នុងការពង្រីកវិសាលភាព ការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ដែលមានតម្លៃសមរម្យ និងឆាប់រហ័សក្នុងប្រទេសកម្ពុជា។

ការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ នេះគឺស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញតម្រូវការថាមពល ដែលកំពុងកើនឡើងរបស់ប្រទេស តាមរយៈការបង្កើនការប្រើប្រាស់ ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល។ គន្លឹះនៃយុទ្ធសាស្ត្រនេះគឺ ការទាញយកធនធានពន្លឺព្រះអាទិត្យ ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដែលការរួមចំណែករបស់ ថាមពលព្រះអាទិត្យនេះបានកើនឡើង ជាក់ស្តែងពីសូន្យក្នុងឆ្នាំ២០១៦ ដល់ប្រមាណ ១២% នៅចុងឆ្នាំ ២០២១។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី F. Cleo Kawawaki ប្រធានការិយាល័យភាពជាដៃគូសាធារណៈ និងឯកជនរបស់ ADB បានមានប្រសាសន៍ថា «វានឹងជាកម្មវិធីនេះប្រកបដោយ មហិច្ឆតាខ្ពស់របស់កម្ពុជា ក្នុងវិស័យថាមពលកើតឡើងវិញបាន។ វានឹងកាត់បន្ថយថ្លៃអគ្គិសនី និងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខ ថាមពលដោយការទាញយក អត្ថប្រយោជន៍ពីធនធានក្នុងស្រុក។ យើងសង្ឃឹមថានឹងរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈការគាំទ្រ ការដេញថ្លៃប្រកបដោយតម្លាភាព ដែលបានត្រៀមយ៉ាងល្អ និងដែលទាក់ទាញការ ប្រកួតប្រជែងយ៉ាងសកម្ម ដើម្បីបង្កើនប្រសិទ្ធភាព ភាពច្នៃប្រឌិត និងទុនពីវិស័យឯកជន ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រជាជនកម្ពុជា»។

ផែនការមេអភិវឌ្ឍន៍ថាមពល ថ្មីរបស់កម្ពុជា ទទួលស្គាល់សក្តានុពលក្នុងការ ពង្រីកបន្ថែមនូវសមត្ថភាពនៃ ថាមពលពន្លឺព្រះអាទិត្យ PV ដែលត្រូវបានរំពឹងថានឹងលើសពី ៣ ជីហ្គាវ៉ាត់ ក្នុងឆ្នាំ ២០៤០។ ដោយសារការរួមចំណែកនៃថាមពល ពន្លឺព្រះអាទិត្យកើនឡើង ចាំបាច់ត្រូវមានការកែលម្អ ស្ថិរភាពបណ្តាញតាមរយៈការអនុម័ត BESS ។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «ADB រីករាយក្នុងការគាំទ្រការផ្លាស់ប្តូរ ទៅរកថាមពលបៃតងនៅកម្ពុជា ដែលនឹងលើកកម្ពស់កំណើនសេដ្ឋកិច្ច ស្អាត ប្រកបដោយនិរន្តរភាព និងបិរយាបន្នតាមរយៈការកែទម្រង់ គោលនយោបាយក្នុងផែនការ និងអភិបាលកិច្ចថាមពល ការកែលម្អស្ថិរភាពបណ្តាញអគ្គិសនី និងប្រសិទ្ធភាពថាមពល»។

សូមបញ្ជាក់ថា អាណត្តិកម្មវិធីនេះ ផ្អែកលើការគាំទ្រពីមុនរបស់ ADB ដល់វិស័យថាមពល ព្រះអាទិត្យរបស់កម្ពុជា ដែលរួមមានឧទ្យានជាតិសូឡា ដំបូងបង្អស់របស់ប្រទេស មានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង ដែលនឹងផលិតថាមពល ពន្លឺព្រះអាទិត្យរហូតដល់ ១០០ មេហ្គាវ៉ាត់។ កម្មវិធីនេះក៏នឹងផ្អែកលើគម្រោង BESS ដែលអនុវត្តដោយ EDC ជាមួយនឹងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដែលផ្តល់ដោយ ADB ៕

To Top