ព័ត៌មានជាតិ

អាល្លឺម៉ង់ នឹងបន្តជួយឧបត្ថម្ភ គាំទ្រដល់កម្ពុជា ក្នុងការកែលម្អគុណភាព សេវាសុខាភិបាល (Video)

ភ្នំពេញ ៖ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អគុណភាព នៃសេវាសុខាភិបាល សមធម៌ ដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។

ក្នុងជំនួបសម្ដែងការគួរសមជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២ វិច្ឆិកា លោក Stefan Messerer បានកត់សម្គាល់ឃើញថា ទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ កំពុងមានភាពរឹងមាំ និងស៊ីជម្រៅ ហើយអាល្លឺម៉ង់នឹងបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរបស់កម្ពុជា ពិសេស បានវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងបើកដំណើរការសេដ្ឋកិច្ច ឡើងវិញយ៉ាងឆាប់រហ័ស ។

លោក បញ្ជាក់ថា «រដ្ឋាភិបាលអាល្លឺម៉ង់ នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ កែលម្អគុណភាពនៃសេវាសុខាភិបាល សមធម៌ ដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ, ការផ្តល់មូលនិធិសមធម៌សុខភាព ការកែលម្អគុណភាពនៃ កន្លែងថែទាំសុខភាពសាធារណៈ សមភាព យេនឌ័រ និងបរិយាប័នសង្គម»។

នាឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ប្រជាជនអាល្លឺម៉ង់ ក្នុងការគាំទ្រ និងចូលរួមចំណែកដល់ការ អភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងរយៈកាលកន្លងមក។

លោកគូសបញ្ជាក់ថា នារយៈពេល ២ ឆ្នាំ ចុងក្រោយនេះ, វិវបត្តិនៃជំងឺកូវីដ-១៩ COVID-19 បានបង្កនូវផលអវិជ្ជមានជាច្រើន ដល់សុខភាពសាធារណៈ និងសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលជាបទពិសោធន៍សំខាន់ សម្រាប់បន្តការដ្ឋាន នៃការកែទម្រង់របស់កម្ពុជា ។

លោក បន្ដថា​ចំពោះមុខ កម្ពុជា បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្ត កម្មវិធីការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣ ដែលមានគោលបំណងស្តារ និងពង្រឹងសក្តានុពលនៃ ចន្ទុលកំណើនសេដ្ឋកិច្ចឲ្យរស់រវើក និងត្រឡប់ទៅកំណើនប្រកបដោយចីរភាព និងបរិយាប័ន និងកសាងភាពធន់រឹងមាំនៃសង្គម-សេដ្ឋកិច្ច អនុលោមតាមអភិក្រមចំនួន ៣ គឺ៖ ១. ការស្ដារឡើងវិញ, ២. ការកែទម្រង់ និង ៣. ការកសាងភាពធន។

ជាមួយគ្នា លោកអគ្គបណ្ឌិតសភាចារ្យ បានអបអរសាទរចំពោះកិច្ចប្រជុំពិគ្រោះ យោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់ឆ្នាំ ២០២២ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី ១៩-២០ ខែ តុលា ឆ្នាំ ២០២២ ដែលសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា ។ ភាគីទាំងពីរ បានឯកភាពគ្នាលើបេក្ខភាពគម្រោង/កម្មវិធីចំនួន ៧ សម្រាប់ឆ្នាំ ២០២៣-២០២៤ ដែលអាចចូលរួមចំណែក ក្នុងការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម គាំពារ និងសុខមាលភាពសង្គម សុខាភិបាល រួមទាំងការពង្រឹង វិស័យវាយនភណ្ឌនៅកម្ពុជា ៕

To Top