សៀមរាប៖ ថ្លែងក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាថ្នាក់អាស៊ានស្តីពី “ការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន សម្រាប់បុគ្គលស្វ័យនិយោជន៍” ដែល ប.ស.ស. កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលា នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោកបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា៖ អាស៊ានបានកសាងសហគមន៍ ប្រកបដោយបរិយាប័ន្ន យ៉ាងពិតប្រាកដ ស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ “ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និងសហគមន៍តែមួយ” ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នេះ ក៏បានកំណត់មូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងអស់ ដែលទាមទារឲ្យគ្រួសារអាស៊ាន ជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ព្រមទាំងប្រមូលផ្តុំស្មារតីយ៉ាងស្អិតរមួត នៃ “ការរួបរួមគ្នា”ដើម្បីដោះស្រាយបញ្ហាទាំងអស់ជាមួយគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់។ ហើយការរក្សាបាននូវស្មារតីអាស៊ានខាងលើនេះ បណ្តាប្រទេសជាសមាជិកអាស៊ាន ត្រូវបន្តកិច្ចសហប្រតិបត្តិការរវាងគ្នាលើគ្រប់វិស័យបន្តទៅទៀតពិសេសកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខសង្គម ដើម្បីផ្ដល់កិច្ចគាំពារ ឲ្យកាន់តែប្រសើរឡើងថែមទៀតដល់កម្លាំងពលកម្ម ប្រជាពលរដ្ឋរបស់ខ្លួន។
ក្នុងឱកាសនោះ លោកបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការធានានូវសុខុមាលភាព លើការផ្តល់កិច្ចគាំពារសង្គម ដោយបានដាក់ឲ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដើម្បីគាំពារផ្នែកហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ ដែលធ្វើការក្នុងវិស័យឯកជនឲ្យទទួលបានប្រាក់សោធន (ប្រាក់រឺត្រែត) នៅពេលចាស់ជរាដូចទៅនឹងមន្ត្រីសាធារណៈផងដែរ។
លោកបណ្ឌិតរដ្ឋមន្ត្រី បានបន្តថា ៖ កម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាសេនាធិការ និងជាប្រតិបត្តិករតែមួយគត់ បាននិងកំពុងបន្តអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់វិស័យឯកជន និងវិស័យសាធារណៈ, ការពិនិត្យលទ្ធភាពពង្រីកវិសាលភាព ជាជំហានៗនូវមូលនិធិសមធម៌សុខាភិបាល និងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដើម្បីពង្រីកការគាំពារ ទៅដល់ប្រជាពលរដ្ឋរស់នៅក្បែរបន្ទាត់ នៃភាពក្រីក្រ និងក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការរៀបចំដាក់ឲ្យអនុវត្ត នូវកម្មវិធីលើកទឹកចិត្តឲ្យក្រុមហ៊ុន សហគ្រាស និងសហគ្រាសធុនតូចនិងមធ្យម ចុះបញ្ជីបុគ្គលិកទាំងអស់ នៅក្នុងប្រព័ន្ធបេឡាជាតិសន្តិសុខសង្គម ដើម្បីទទួលបានការគាំពារ ក្នុងវិស័យសន្តិសុខសង្គម។
លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានឲ្យដឹងបន្ថែមថា៖ ក្នុងអាណត្តិកម្ពុជាជាប្រធានអាស៊ាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានទទួលការឯកភាពដាក់សេចក្ដីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍ ក្នុងតំបន់អាស៊ាន ចូលក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ដើម្បីអនុម័ត និងប្រកាសនៅក្នុងពេលឆាប់ៗនេះ ដែលនេះជាការបោះជំហ៊ានដ៏ធំឆ្ពោះទៅ
កាន់ការធ្វើចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍។
លោកបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា៖ សិក្ខាសាលា ដែលរៀបចំដោយបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានវត្តមានអញ្ជើញចូលរួម ពីគណៈប្រតិភូអាស៊ានចំនួន១0ប្រទេស នាពេលនេះ គឺជាឱកាសដ៏មានអត្ថន័យ និងជាកិច្ចការដ៏មានសារៈសំខាន់ និងចាំបាច់បំផុត ក្នុងការចែករំលែកបទពិសោធន៍ រវាងបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ ដែលសកម្មភាពនេះ ជួយឲ្យយើងអាចរៀនសូត្រ បានពីគ្នាទៅវិញទៅមក នូវភាពជោគជ័យ បញ្ហាប្រឈម ដំណោះស្រាយ និងបទពិសោធន៍ នៃការអនុវត្តរបបសន្តិសុខសង្គមរៀងៗខ្លួន។
លោកបណ្ឌិតរដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានេះ កម្ពុជានឹងអាចទទួលបាន នូវធាតុចូលសំខាន់ៗ ក្នុងការសិក្សាអំពីសមិទ្ធិលទ្ធភាពពង្រីកវិសាលភាព នៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដល់បុគ្គលស្វ័យនិយោជន៍ ដើម្បីធានាឲ្យបាននូវការងារសមរម្យ សន្តិសុខប្រាក់ចំណូល សមធម៌សង្គម សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម ដែលជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយមិនទុកនរណាម្នាក់ ឱ្យនៅក្រៅប្រព័ន្ធសន្តិសុខសង្គមឡើយ។
ក្នុងឱកាសជាមួយគ្នានេះ លោក Dato Lim Jock Hoi អគ្គលេខាធិការ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានថ្លែងថា ៖ វិស័យការងារ គឺជាសកម្មភាពឈានមុខគេក្នុងក្របខណ្ឌ ដែលគ្របដណ្តប់លើយុទ្ធសាស្ត្រត្រីភាគី និងការពង្រឹងប្រព័ន្ធសុខាភិបាល ការពង្រឹងប្រព័ន្ធសន្តិសុខសង្គម ការពង្រីកសក្តានុពល នៃទីផ្សារក្នុងតំបន់អាស៊ាន និងការដាក់បន្ទុកលើសមាហរណកម្មសេដ្ឋកិច្ច ការស្វែងយល់ពីការផ្លាស់ប្តូរឌីជីថលរួមគ្នា និងការឈានឆ្ពោះទៅរកអនាគតរួមគ្នា ប្រកបដោយនិរន្តរភាព។
លោកអគ្គលេខាធិការ បានបន្តទៀតថា ៖ កិច្ចគាំពារសង្គម បានដើរតួយ៉ាងសំខាន់ ក្នុងការធានាបាននូវសុខុមាលភាពក្នុងតំបន់ កំណើនសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ជាមួយនឹងការវាយតម្លៃយ៉ាងឆាប់រហ័ស នៃជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងការអនុវត្តរបស់អាស៊ាន ក្នុងតួនាទីសំខាន់នៃវិធានការការពារសង្គម ដែលរួមបញ្ចូលនូវផលប៉ះពាល់សេដ្ឋកិច្ចសង្គម នៃជំងឺរាតត្បាតមួយនេះផងដែរ។
ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា ពិសេសបេឡាជាតិសន្តិសុខសង្គម ដែលបានរៀបចំសិក្ខាសាលា ដ៏មានសារៈសំខាន់មួយនេះឡើង បានទាន់ពេលវេលា ខណៈពេលដែលយើងទាំងអស់ កំពុងបន្តស្តារឡើងវិញនូវសុខុមាលភាពក្នុងបរិបទជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាការបោះជំហ៊ានឆ្ពោះទៅ រកសហគមន៍អាស៊ាន ឱ្យកាន់តែរឹងមាំជាងមុន ជាពិសេសការសិក្សាអំពីកិច្ចគាំពារសង្គម ដែលត្រូវបានអនុវត្តផងដែរ នៅក្នុងវិស័យការងារ រួមទាំងប្រាក់សោធននិវត្តន៍ និងសន្តិសុខប្រាក់ចំណូល ដែលការសិក្សានេះ បានបង្ហាញពីតម្រូវការសម្រាប់រដ្ឋសមាជិកអាស៊ាន ក្នុងការផ្តល់អាទិភាពដល់ការកែលម្អការប្រកាន់ខ្ជាប់នូវអត្ថប្រយោជន៍ផ្នែកសោធននិវត្តន៍ ក៏ដូចជាការខិតទៅរកគោលនយោបាយរួមគ្នា នៃការអនុវត្តប្រព័ន្ធសន្តិសុខសង្គមឲ្យកាន់តែទូលំទូលាយ និងប្រកបដោយស័ក្តិសិទ្ធភាព។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. ក្នុងឱកាសជាមួយគ្នានេះឯកឧត្តមបានថ្លែងថា ៖ ការទទួលស្គាល់ភាពចាំបាច់ នៃការពង្រីកវិសាលភាពនៃរបបសន្តិសុខសង្គម គឺជាការបោះជំហានទៅមុខយ៉ាងសំខាន់ និងសរបញ្ជាក់ឲ្យឃើញពីទស្សនៈវិស័យដូចគ្នា និងគោលជំហររួមគ្នា ក្នុងការបន្តលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ដោយធានាឲ្យបានថាបុគ្គលគ្រប់រូបនឹងទទួលបាន នូវអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ជាពិសេសក្នុងបរិការណ៍នៃការស្តារសេដ្ឋកិច្ច ក្នុងតំបន់ឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពរឹងមាំ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ៖ សិក្ខាសាលាថ្នាក់អាស៊ានខាងលើ ប្រព្រឹត្តទៅចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួម ពីគណៈប្រតិភូអាស៊ានចំនួន ១០ប្រទេស ដែលក្នុងនោះរួមមាន តំណាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា តំណាងរដ្ឋសមាជិកអាស៊ាន សហព័ន្ធនិយោជកអាស៊ាន ក្រុមប្រឹក្សាសហជីពអាស៊ាន លេខាធិការដ្ឋានអាស៊ាន អង្គការអន្តរជាតិ ខាងការងារសមាគមសន្តិសុខសង្គមអាស៊ាន អង្គការស្ត្រីក្នុងការងារក្រៅប្រព័ន្ធ និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណជា ១៥០នាក់ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ អេមព្រីសអង្គរខេត្តសៀមរាប៕