សៀមរាប ៖ បន្ទាប់ពីកម្មវិធី បើកសិក្ខាសាលាថ្នាក់អាស៊ាន ស្ដីពី “ការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន សម្រាប់បុគ្គលស្វ័យនិយោជន៍” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាថ្ងៃដដែលនេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានសមាគមសន្តិសុខសង្គមឆ្នាំ ២០២០-២០២១ បានផ្តល់កិត្តិយសអញ្ជើញផ្តល់លិខិតសរសើរ និងវត្ថុអនុស្សាវរីយ៍ ជូនដល់វាគ្មិនកិត្តិយស នៃបណ្តារដ្ឋជាសមាជិកអាស៊ាន ដែលបានឡើងធ្វើបទបង្ហាញរបស់ខ្លួន ក្នុងកិច្ចសិក្ខាសាលា ដ៏មានសារៈសំខាន់មួយនេះ។
សូមបញ្ជាក់ថា ៖ សិក្ខាសាលាថ្នាក់អាស៊ានខាងលើ ប្រព្រឹត្តទៅចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួម ពីគណៈប្រតិភូអាស៊ានចំនួន ១០ប្រទេស ដែលក្នុងនោះរួមមានតំណាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា តំណាងរដ្ឋសមាជិកអាស៊ាន សហព័ន្ធនិយោជកអាស៊ាន ក្រុមប្រឹក្សាសហជីពអាស៊ាន លេខាធិការដ្ឋានអាស៊ាន អង្គការអន្តរជាតិខាងការងារ សមាគមសន្តិសុខសង្គមអាស៊ាន អង្គការស្ត្រីក្នុងការងារក្រៅប្រព័ន្ធ និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណជា ១៥០នាក់ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ អេមព្រីសអង្គរ ខេត្តសៀមរាប៕
















