ព័ត៌មានជាតិ

តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ ជនជាប់ចោទ ដែលជាមន្ត្រី និង អតីតមន្ត្រីអាដហុក៥នាក់ ជាប់ពាក់ព័ន្ធនឹង ការសូកប៉ាន់សាក្សី ដែលជាស្រីកំណាន់ របស់លោកកឹម សុខា ឈ្មោះ នាង ខុម ចាន់តារាទី

ភ្នំពេញ:  តុលាការកំពូល កាលពីព្រឹកថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ បានធ្វើការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខ របស់ជនជាប់ចោទចំនួន ៥នាក់ ដែលជា មន្ត្រីនិង ជាអតីតជាន់ខ្ពស់ នៃ សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា «អាដហុក» ជាប់ទាក់ទងនឹង ការចោទប្រកាន់ថា បានសូកប៉ាន់សាក្សី ឈ្មោះ នាង ខុម ចាន់តារាទី ដែលជាស្រីស្នេហ៍ លួចលាក់របស់លោក កឹម សុខា ជាអតីតប្រធាន គណបក្សសង្គ្រោះជាតិ ដើម្បីកុំអោយសាក្សី ឆ្លើយដាក់បន្ទុក និង ដកពាក្យបណ្តឹងប្រឆាំងនឹងលោកកឹម សុខា បន្ទាប់ពីរឿងអាស្រូវស្នេហា និង សារសម្លេង ទំនាក់ទំនងស្នេហារវាង បុរសកំហូច ឈ្មោះ កឹម សុខា និង នាងចាន់តារាទី ត្រូវបានបែកធ្លាយ ជាសាធារណៈ ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ ២០១៦។

លោក និល ណុន   ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទ ៥នាក់មានឈ្មោះ ៖ ទី១- ឈ្មោះ នី សុខា ភេទ ប្រុស អាយុ ៥១ ឆ្នាំ , ទី២- យី សុខសាន្ត ភេទ ប្រុស អាយុ ៥៣ ឆ្នាំ , ទី៣- លឹម មុន្នី ភេទស្រី អាយុ ៥៨ ឆ្នាំ ,ទី៤-ឈ្មោះ  ណៃ វង់ដា ភេទ ប្រុស អាយុ ៥១ ឆ្នាំ និង ទី៥-ឈ្មោះ  នី ចរិយា ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ។

លោកចៅក្រមបានបញ្ជាក់ថា: នៅក្នុងសំណុំរឿងនេះ  ជនជាប់ចោទ៥នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ  កាលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ផ្តន្ទាទោស  ជនជាប់ចោទ ដាក់គុក ក្នុងម្នាក់ៗ កំណត់៥ឆ្នាំ តែត្រូវអនុវត្តទោស នៅក្នុងពន្ធនាគារ គឺត្រឹមតែ រយៈពេល១៤ ខែ ក្នុងម្នាក់ៗ  ប៉ុណ្ណោះ និង ទោសនៅសល់ប៉ុន្មាន ត្រូវព្យួរ ទាំងអស់។

ពួកគេទាំង៥នាក់ ត្រូវបានជាប់ចោទ ពីបទ ”  សូកប៉ាន់សាក្សី និង សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ”  តាមបញ្ញត្តិមាត្រា ២៩ និង មាត្រា ៥៤៨ នៃ ក្រមព្រហ្មទណ្ឌ។

តែជនជាប់ចោទបានប្តឹងឧទ្ធរណ៍ ខណៈដែលតុលាការឧទ្ធរណ៍បានតម្កល់ ទណ្ឌកម្មពួកគេ រក្សាទុកដដែល។ ពួកគេ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់ តុលាការកំពូលទៀ។

ពួកត្រូវបានចាប់ខ្លួន ដោយអង្គភាពប្រឆាំងអំពើពុករលួយ ( ACU) កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦ និងត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧។

បច្ចុប្បន្ននេះ ជនជាប់ចោទទាំង៥នាក់ ត្រូវបានស្ថិតនៅក្រៅឃុំឃាំង បន្ទាប់ពីពួកគេបានអនុវត្តចប់សព្វគ្រប់ ជាស្ថាពរ តាមអំណាចសាលក្រមរបស់តុលាការ នៅក្នុងពន្ធនាគារ នោះមក ។

គួរបញ្ជាក់ថា: នាពេលសវនាការ ជាច្រើនដំណាក់កាលកន្លងមក, ជនជាប់ចោទទាំង៥នាក់ បានឆ្លើយបដិសេធ យ៉ាងដាច់អហង្ការ ចំពោះការចោទ ប្រកាន់ពួកគាត់ និង បានសុំឱ្យតុលាការ ទម្លាក់បទចោទប្រកាន់ ចំពោះ ពួកគាត់។

តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីព្រហ្មទណ្ឌនេះ នៅព្រឹកថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ ៕

ដោយ: លីហ្សា

To Top