នយោបាយ

សម្តេចតេជោ នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចសន្ទនាអាស៊ាន ជាសាកល លើកទី២

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៤ វិច្ឆិកានេះ បានឲ្យដឹងថា អញ្ជើញអមសម្តេចតេជោ រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃ រាជរដ្ឋាភិបាលមួយចំនួនផងដែរ ។

ព្រឹត្តិការណ៍ថ្នាក់កំពូល ដែលនឹង ប្រព្រឹត្តទៅក្នុងរយៈពេលបួនថ្ងៃនេះ រួមមាន ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូល អាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃ ទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧។

នៅមុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូល ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន នឹងជួបសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ ហ៊ុន សែន រួមជាមួយប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ានដទៃទៀត នឹងអញ្ជើញចូលរួមកម្មវិធីជំនួប ដោយឡែកពីគ្នាជាមួយ តំណាងនៃអន្តរសភាអាស៊ាន តំណាងនៃយុវជនអាស៊ាន និងតំណាងនៃក្រុមប្រឹក្សាអ្នកប្រឹក្សាធុរកិច្ចអាស៊ាន។

ថ្នាក់ដឹកនាំក៏នឹងចូលរួមក្នុង កិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ស្តីពីការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលនឹងមានការអញ្ជើញចូលរួម ពីប្រធានអង្គការអន្តរជាតិសំខាន់ៗមួយចំនួនផងដែរ។ ថ្នាក់ដឹកនាំនៃដៃគូសន្ទនាអាស៊ានមួយចំនួន ក៏រំពឹងថានឹងចូលរួមក្នុងកិច្ចសន្ទនានេះផងដែរ។

នៅក្នុងពិធីបិទជាផ្លូវការនៃ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ សម្តេចតេជោ ហ៊ុន សែន នឹងប្រគល់ញញួរប្រធានអាស៊ានជូនលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ ។

នៅរវាងកិច្ចប្រជុំដែលបានគ្រោង សម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគី ជាមួយប្រមុខប្រតិភូមួយចំនួនផងដែរ។

ក្នុងការត្រៀមរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញដឹកនាំ កិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន លើកទី២៥ និងកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ានលើកទី៣១ ។ លោកឧបនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើលិខិតុបករណ៍នៃ ការចូលជាភាគី នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសអ៊ុយក្រែន និងអេស្ប៉ាញ ។ លោកក៏រំពឹងថា នឹងមានជំនួបទ្វេភាគី ជាមួយរដ្ឋមន្រ្តីការបរទេស និងឥស្សរជនមួយចំនួនផងដែរ ៕

To Top