ភ្នំពេញ ៖ កិច្ចប្រជុំអភិបាលក្រុងអាស៊ាន (AMF) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ គ្រោងនឹងធ្វើឡើង នៅដើមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ។

នេះជាកាបញ្ជាក់ របស់លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំ វេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ ដើម្បីអោយដំណើរ នៃកិច្ចប្រជុំខាងលើ និងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូល ពាក់មួយចំនួនទៀត ប្រធានគណៈបញ្ជាការរដ្ឋបាល ខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អបំផុត ពិសេសការដាក់កម្លាំង ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមដងផ្លូវក្នុងមូលដ្ឋាន របស់ខ្លួន ជាមួយនឹងការពិនិត្យរដ្ឋបាល នៅតំបន់ស្មុកស្មាញអោយបានខ្លាំងក្លា ព្រោះថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នឹងមានមេដឹកនាំប្រទេសមហាអំណាច ជាច្រើនរូប មានទាំងចិន អាមេរិក រុស្ស៊ីជាដើមនឹងមកចូលរួម នៃកិច្ចប្រជុំនេះ ។

លោក ឃួង ស្រេង ក៏បានបញ្ជាយ៉ាងម៉ឺងម៉ាត់ថា៖ កម្លាំងនិងអាជ្ញាធរទាំងអស់ ត្រូវរឹតបន្តឹងសន្តិសុខ អោយបានខ្លាំងក្លាបំផុត ដាច់ខាត មិនអោយភាគីណាមួយមកបំផ្លាញ កិច្ចប្រជុំកំពូលអាស៊ាននេះ បានឡើយ ។

លោកនួន ផារ័ត្ន អភិបាលរងរាជធានី បានអោយដឹងថា សម្រាប់កិច្ចប្រជុំអភិបាលក្រុងអាស៊ាន (AMF) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC)ឆ្នាំ២០២២ ជាគម្រោងនឹងធ្វើឡើង នៅថ្ងៃទី០២និងទី០៣ខែធ្នូ ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ ។ ក្នុងនាមយើងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ យើងត្រូវរៀបចំវេទិកានេះ អោយបានម៉ត់ចត់ ។

លោកបញ្ជាក់ថា៖ គិតមកដល់ពេលនេះ មានទីក្រុងចំនួន៧៣ហើយ ដែលយើងបានអញ្ជើញ អោយមកចូលរួម ហើយយើង ក៏បាននិងកំពុងអញ្ជើញ អភិបាលក្រុងធំៗ ជាបន្តបន្ទាប់ទៀតផងដែរ ។ ភាពចំណេញពីកិច្ចប្រជុំអភិបាលក្រុងអាស៊ាន (AMF) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) គឺបានផលពីការចែករំលែកបទពិសោធន៍ រវាងទីក្រុងនិងទីក្រុង ពិសេសធ្វើអោយទីក្រុង មានភាពធន់ ទីក្រុងស្អាត និងជាក្រុង មានភាពឆ្លាតវៃជាដើម ៕






