ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញ-បាវិត នឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗខាងមុខ ហើយផ្លូវនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការតភ្ជាប់ទីក្រុងភ្នំពេញ ជាមួយប្រទេសវៀតណាម។
ក្នុងវេទិការជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ដែលនឹងចាប់ផ្តើមការសាងសង់ នាពេលឆាប់ៗខាងមុខ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការតភ្ជាប់ទីក្រុងភ្នំពេញ ជាមួយប្រទេសវៀតណាម កាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញ ព្រមទាំងអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ លើផ្លូវជាតិលេខ១ ដែលជាផ្លូវចម្បង ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅបាវិត»។
លើសពីនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បង្ហាញការយល់ឃេីញថា កម្ពុជា និងវៀតណាម គួរបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង សម្រាប់ជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍ជាក់ស្តែង ដូចជា៖ ការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែន ទៅកាន់គោលដៅទេសចរណ៍ នៅក្នុងខេត្តជាប់ព្រំដែន ជាពិសេសខេត្តនៅតាមតំបន់ឆ្នេរដើម្បីសម្រួល និងទាក់ទាញភ្ញៀវទេសចរដែលធ្វើដំណើរ ទៅមកឆ្លងកាត់ប្រទេសទាំងពីរ។
លើសពីនេះ កម្ពុជា និងវៀតណាម ជាភាគីសមាជិក និងភាគីហត្ថលេខីនៃកិច្ចព្រម ព្រៀងអាសិច (RCEP) ដែលជាយន្តការពាណិជ្ជកម្មសេរីពហុភាគីដ៏សំខាន់ សម្រាប់លើកកម្ពស់ការ ពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់, រក្សានូវវិបុលភាព និងស្ថិរភាពនយោបាយតំបន់ គួរបង្កើនកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា៕