ព័ត៌មានជាតិ

ទំនាក់ទំនងកម្ពុជា-វៀតណាម គ្មានការប្រែប្រួលឡេីយ​ ទោះបីសភាពការណ៍ពិភពលោកពិបាកប៉ាន់ស្មាន 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីសភាពការណ៍ពិភពលោក មានការប្រែប្រួល និងពិបាកប៉ាន់ស្មាន ក៏ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម នៅតែល្អប្រសើរ ហើយគ្មានការប្រែប្រួលអ្វីឡើយ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ក្នុងបើកវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម២០២២ នាល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វិបត្តិកូវីដ១៩ បានផ្តល់ឱកាសថ្មីដល់ប្រទេសទាំងពីរ។

សម្ដេចតេជោ មានប្រសាសន៍ថា «សភាពការណ៍ពិភពលោកពិបាក នឹងប៉ាន់ស្មាន ប៉ុន្តែអ្វីដែលគួរតែច្បាស់ យើងគួរតែច្បាស់ខ្លួនយើងថា ទំនាក់ទំនងយើងគ្មានការប្រែប្រួល នេះគឺជាចំណុចដែលល្អ»។

លើសពីនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី រំលឹកថា កន្លងមក សម្តេច និងលោក ង្វៀង សួនហ្វុក អតីតនាយករដ្ឋមន្ត្រីវៀតណាម បច្ចុប្បន្ន ធ្វើជាប្រធានរដ្ឋវៀតណាម បានដាក់ចេញគោលដៅត្រឹមតែ ៥ពាន់លានដុល្លារ ប៉ុន្តែនៅពេលកូវីដ១៩ មកដល់ទំហំពាណិជ្ជកម្ម បានកើនរហូតដល់ ១០ពាន់លានដុល្លារ។

សម្តេចតេជោ បានចាត់ទុកថា នេះជាការសេដ្ឋកិច្ចបំពេញឱ្យគ្នាទៅវិញទៅមក។ សម្ដេច បន្ថែមថា «បើទោះបីជាសេដ្ឋកិច្ចសកលលោក និងក្នុងតំបន់មានការប្រែប្រួលពិបាកប៉ាន់ស្មាន ប៉ុន្តែអ្វីដែលយើងត្រូវជឿជាក់ គឺទំនាក់ទំនងដៃគូរវាងកម្ពុជា និងវៀតណាម នៅតែល្អ ហើយនៅតែបំពេញឱ្យគ្នាបានជារៀងរហូតទៅ»។

ឆ្លៀតឱកាសនោះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបង្ហើបថា នៅឆ្នាំ២០២២នេះ កម្ពុជា នឹងអាចប្រមូលពន្ធបានរហូតដល់ ១១៥ភាគរយ ដែលលើសនឹងផែនការកំណត់ផងដែរ។

សម្ដេចតេជោ បញ្ជាក់ទៀតថា «ឆ្នាំនេះ ជាឆ្នាំដែលយើងខ្ញុំមានមោទនភាពខ្លាំងណាស់ ជាមួយនឹងប្រាក់ចំណូលកើនឡើង យើងខ្ញុំបានប្រមូលប្រាក់ចំណូលពន្ធតាមច្បាប់ថវិការបស់យើង ត្រឹមតែជាង១០ខែតែប៉ុណ្ណោះ យើងខ្ញុំបានសម្រេចលើស១០០ភាគរយ នៃផែនការរួចស្រេចទៅហើយ។ ឆ្នាំនេះសង្ឃឹមថា ប្រាក់ចំណូលផ្ទៃក្នុងរបស់យើងខ្ញុំ អាចសម្រេចប្រមាណជាង ១១៥ភាគរយ យ៉ាងតិច ដូច្នេះនេះជាចំណែកមួយ ដើម្បីទ្រទ្រង់ទៅដល់ការចំណាយ ដែលយើងកំពុងតែត្រូវរ៉ាប់រងជីវភាពរបស់ប្រជាជនរបស់យើង»៕

To Top