ព័ត៌មានជាតិ

កម្ពុជា បណ្ដេញជនបរទេស១៣០នាក់ទៀត ក្រោយសមត្ថកិច្ចចាប់ខ្លួនពីបទឆ្លងដែន និងស្នាក់នៅខុសច្បាប់

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានបណ្ដេញចេញជនបរទេសចំនួន១៣០នាក់បន្ថែមទៀត ក្រោយសមត្ថកិច្ចចាប់ខ្លួនពីបទឆ្លងដែន និងស្នាក់នៅកម្ពុជាខុសច្បាប់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាពេលថ្មីៗនេះ បានឲ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្ដេញជនបរទេសចំនួន១៣០នាក់ ក្នុងនោះ ស្រី៣នាក់ មាន២សញ្ជាតិ ។ ក្នុងចំណោមនោះជនជាតិវៀតណាមចំនួន២០នាក់ និងជនជាតិចិនចំនួន១១០នាក់ ដោយបណ្តេញចេញ តាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងត្រពាំងផ្លុង។

ជនបរទេសចំនួន១៣០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់គ្មានលិខិតឆ្លងដែន លួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលកម្ពុជាវិញរយៈពេល៣ឆ្នាំ៕

To Top