នយោបាយ

លោក Li Keqiang ៖ ប្រទេសចិន និងអាស៊ាន គឺជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងជាដៃគូពាណិជ្ជកម្មធំបំផុត រវាងគ្នានិងគ្នា

កាលពីយប់ថ្ងៃទី ៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ តបតាមការអញ្ជើញ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញ ទៅដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ តាមយន្តហោះពិសេស ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយចំនួន ស្តីពីកិច្ចសហប្រតិបតិ្តការ អាស៊ីបូព៌ា ព្រមទាំងបំពេញទស្សនកិច្ច ជាផ្លូវការ នៅប្រទេសកម្ពុជា ។

លោក Li Keqiang បានលើកឡើងថា ប្រទេសចិន និងអាស៊ាន គឺជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងជាដៃគូពាណិជ្ជកម្មធំបំផុត រវាងគ្នានិងគ្នា ។ បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់បាន និង កំពុងកើតមានបម្រែបម្រួល យ៉ាងស្មុគស្មាញ និងស៊ីជម្រៅ ហើយការអភិវឌ្ឍសកល កំពុងប្រឈម នឹងបញ្ហា ដែលមិនធ្លាប់មានកាលពីមុន ។ ប្រទេសចិនរំពឹងថា កិច្ចប្រជុំកំពូល ស្តីពីកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ា នឹងផ្តោតសំខាន់ លើការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ប្រកាន់ខ្ជាប់ ពហុភាគីនិយម និងពាណិជ្ជកម្មសេរី ប្រកាន់ខ្ជាប់ការ បើកទូលាយនិងកិច្ចសហប្រតិបត្តិការ ព្រម និងផ្តល់ផល ប្រយោជន៍ ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ក៏ដូចជារួមគ្នាគាំពារ សុវត្ថិភាពនិងភាពរលូន នៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ ផ្គត់ផ្គង់ សកល និង ចាប់ដៃគ្នាទប់ទល់ នឹងបញ្ហា ប្រឈមជាសកល ដើម្បីបំពេញបន្ថែម កម្លាំងចលករថ្មី សម្រាប់ជំរុញដំណើរ សមាហរណកម្ម សេដ្ឋកិច្ច ក្នុងតំបន់ សំដៅគាំពារសន្តិភាព ស្ថិរភាពព្រម និងការអភិវឌ្ឍនិងវិបុលភាព ក្នុងតំបន់ រហូតដល់ពិភពលោក ទាំងមូលផងដែរ ។

លោក Li Keqiang បានលើកឡើងទៀតថា ប្រទេសចិនរំពឹងថា នឹងឆ្លងតាមរយៈដំណើរទស្សនកិច្ច លើកនេះ ដើម្បីរួមគ្នាពិគ្រោះពិភាក្សា ជាមួយប្រទេសកម្ពុជា អំពីផែនការសហប្រតិបត្តិការ សំខាន់ៗ ក្នុងន័យជំរុញកិច្ច កសាងសហគមន៍រួមវាសនាតែមួយ រវាងចិននិងកម្ពុជាឱ្យទទួលបាន សមិទ្ធផលកាន់តែច្រើន ក៏ដូចជាផ្តល់ ផលប្រយោជន៍កាន់តែប្រសើរ ជូនដល់ប្រទេសទាំងពីរ និងប្រជាជន នៃប្រទេសទាំងពីរ ។

គួរបញ្ជាក់ថា ក្នុងអំឡុង ពេលចូលរួមកិច្ចប្រជុំកំពូលមួយចំនួន ស្តីពីកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ា លោក Li Keqiang នឹងអញ្ជើញចូលរួមកិច្ច ប្រជុំថ្នាក់ដឹកនាំចិន–អាស៊ាន(១០បូក១)លើកទី ២៥ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបូកចិន ជប៉ុន កូរ៉េខាងត្បូង (១០បូក៣) លើកទី ២៥ និងកិច្ចប្រជុំកំពូល អាស៊ីបូព៌ាលើកទី ១៧ ៕

To Top