ភ្នំពេញ ៖ នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានបង្ហាញនូវក្តីរំភើប និងអបអរសាទរកម្ពុជា ដែលកម្ពុជាកន្លងទៅ បានឆ្លងកាត់សង្គ្រាម រាំរៃជាច្រើន តែមកដល់ពេលនេះ កម្ពុជាទទួលបាននូវ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍគ្រប់វិស័យ ដែលទាំងទាំងអស់នេះ ជាសេចក្តីប្រាថ្នា របស់ប្រជាជន អ៊ុយក្រែន ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។
នៅក្នុងជំនួបនេះលោក ដឹមីត្រូ គូលេបា (Dmytro Kuleba) បានផ្ដាំផ្ញើនៅសួរសុខទុក្ខពីសំណាក់ លោកប្រធានាធិបតីអ៊ុយក្រែន ជូនចំពោះសម្ដេចតេជោ និងបានសំដែងនូវការអបអរសាទរខួបទី ៦៩ នៃទិវាឯករាជ្យជាតិ របស់ប្រទេសកម្ពុជា ផងដែរ ។
ជាការឆ្លើយតប សម្ដេចតេជោហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះលោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ អំពីលោកប្រធានាធិបតី និងការសាទរ ថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា៕