ភ្នំពេញ ៖ នារសៀលថ្ងៃពុធទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៃកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការ ចំពោះលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសដែលលោកអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-09_16-56-48-1024x682.jpg)
ពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានសន្តិភាពនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន និងមន្ត្រីអង្គទូតនានាផងដែរ។
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-09_16-56-46-1024x682.jpg)
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច និងត្រួតពលរួចមក សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញពិភាក្សាការងារ និងបន្ទាប់មកសម្តេចតេជោ និងលោក លី ខឺឈាង នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារផ្តល់ជំនួយលើគម្រោងអភិវឌ្ឍន៍មួយចំនួននៅកម្ពុជា ក្នុងនោះក៏មានការរៀបចំសម្ពោធជានិមិត្តរូបដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផងដែរ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)