ព័ត៌មានជាតិ

កម្ពុជា-វៀតណាម គ្រោងតភ្ជាប់ ផ្លូវល្បឿនលឿន ពីភ្នំពេញ-បាវិត ឆ្លងដែន ទៅដល់ម៉ុកបៃ-ហូជីមិញ

ភ្នំពេញ ៖ កម្ពុជា និងវៀតណាម មានគម្រោងតភ្ជាប់ ផ្លូវល្បឿនលឿនជាមួយគ្នា គឺពីភ្នំពេញ ទៅក្រុងបាវិត ហើយឆ្លងកាត់ព្រំដែន ឆ្ពោះទៅផ្លូវល្បឿនលឿន របស់វៀតណាម ចេញពីម៉ុកបៃ ទៅដល់ក្រុងហូជីមិញ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងជំនួបពិភាក្សាទ្វេភាគីរវាង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា​ជាមួយ​ លោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម នាថ្ងៃទី៨ វិច្ឆិកា នៅទីស្ដីការក្រសួង ភាគីកម្ពុជា បានស្នើឱ្យភាគីវៀតណាម បញ្ជាក់ឱ្យបានច្បាស់ អំពីចំណុចតភ្ជាប់ របស់ផ្លូវល្បឿនលឿន របស់វៀតណាម (ម៉ុកបៃ-ហូជីមិញ) ដើម្បីអាចធ្វើការតភ្ជាប់ ជាមួយផ្លូវល្បឿនលឿន(ភ្នំពេញ-បាវិត)របស់កម្ពុជា ហើយជាលទ្ធផល ភាគីវៀតណាមសន្យានឹងផ្តល់ព័ត៌មាន ជាក់លាក់ក្រោយក្រុមការងារ បច្ចេកទេស បញ្ចប់នីតិវិធីការងាររៀបចំ។

ដោយឡែក ភាគីវៀតណាម ក៏បានបញ្ជាក់ផងដែរថា ការសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿន របស់វៀតណាម(ម៉ុកបៃ-ហូជីមិញ) បានបញ្ចប់រួចរាល់ ហើយគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រៀមនឹងអនុវត្តនៅចុងឆ្នាំ២០២២ ហើយគ្រោង នឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដែលស្រដៀងគ្នានេះដែរ ភាគីកម្ពុជាគ្រោង អនុវត្តគម្រោងល្បឿនលឿន (ភ្នំពេញ-បាវិត) នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់ នៅក្នុងអំឡុងឆ្នាំ២០២៧ ។

លើសពីនេះ ការងារតភ្ជាប់ផ្លូវដែក បាត់ដឹង-ត្រពាំងស្រែ-ឡុកនីញ-ហូជីមិញ ដែលជាចំណែកមួយនៃខ្សែផ្លូវដែកសិង្ហបុរី-គុនមីង (SKRL) និងការសិក្សាខ្សែផ្លូវដែកថ្មី តភ្ជាប់ភ្នំពេញ-ហូជីមិញ ដោយកាត់តាមបាវិត-ម៉ុកបៃ។ ជាមួយគ្នានេះ ភាគីទាំងពីរបានស្នើឱ្យ មានការរៀបចំក្រុមការងារ បច្ចេកទេស និងមន្រ្តីបង្គោល របស់ប្រទេសទាំងពីរ ដើម្បីពិភាក្សា រកចំណុចតភ្ជាប់ផ្លូវដែករួមគ្នា។

ជាងនេះទៅទៀត ភាគីទាំងពីរក៏បានឯកភាពគ្នាថា នឹងធ្វើការជូនព័ត៌មាន អំពីការតភ្ជាប់ផ្លូវដែក រវាងប្រទេសទាំងពីរ ជាមួយផ្លូវដែកសិង្ហបុរី-គុនមិញ(SKRL) ទៅដល់លេខាធិការដ្ឋានអាស៊ាន ផងដែរ ៕

To Top