ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើអង្គការ JETRO ចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីរវាង ជប៉ុន-កម្ពុជា និងកៀរគរក្រុមហ៊ុនជប៉ុន មកដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅប្រទេសកម្ពុជា ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក Nobuhiko Sasaki ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការ JETRO និងសហការី នាថ្ងៃទី៩ វិច្ឆិកា លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ ពីទំនាក់ទំនង ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យ JETRO បន្តចូលរួមទាក់ទាញ វិនិយោគិនជប៉ុន មកកម្ពុជា ឱ្យកាន់តែច្រើន និងពិនិត្យលទ្ធភាពក្នុងការគាំទ្រ ដល់ចលនាភូមិមួយផលិតផលមួយ ជាពិសេសការរៀបចំពិព័រណ៍ និងលក់ផលិតផលខ្មែរនៅទីផ្សារជប៉ុន។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានស្នើសុំឱ្យ JETRO សហការចូលរួមពិព័រណ៍ OVOP 2022 ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងជួយសម្របសម្រួលក្នុងការពិនិត្យលទ្ធភាពសិក្សារបន្ថែមអំពីកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងជប៉ុន និងកម្ពុជា ព្រមទាំងស្នើសុំ JETRO ឱ្យកៀរគរក្រុមហ៊ុនជប៉ុន ដែលមានទីតាំងនៅប្រទេសជិតខាង ជាពិសេសថៃ+១ និងវៀតណាម+១ ពិចារណា ដើម្បីពង្រីកអាជីវកម្ម របស់ខ្លួនមកកម្ពុជា។
ជាការឆ្លើយតប លោក Nobuhiko Sasaki បានថ្លែងអំណរគុណដល់កម្ពុជា សម្រាប់ការគាំទ្រយ៉ាងខ្លាំងលើ RCEP ជាពិសេសក្រសួងពាណិជ្ជកម្ម ដែលតែងតែគាំទ្រ ដល់ក្រុមហ៊ុនជប៉ុន ក្នុងការវិនិយោគ នៅកម្ពុជា និងបានចូលរួមអបអរសាទរដល់កម្ពុជា ចំពោះភាពជោគជ័យរបស់ខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន នាពេលកន្លងមក និងកិច្ចប្រជុំពាក់ព័ន្ធនានា។
បន្ថែមពីនេះ លោកប្រធាន បានស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួងពាណិជ្ជកម្មបន្ថែមទៀត ដើម្បីជំរុញការនាំចេញផលិតផលជប៉ុន ជាពិសេសផលិតផលគ្រឿងសម្អាង និងអាហារមកកាន់ទីផ្សារកម្ពុជា។
ជាមួយគ្នានេះ លោក Nobuhiko Sasaki ក៏បានជំរុញឱ្យភាគីកម្ពុជាសិក្សា និងស្វែងយល់ពីតម្លៃបន្ថែម ដើម្បីឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើប្រៀបធៀបទៅនឹង RCEP ហើយវាជាក្របខ័ណ្ឌដែលសម្រេចដោយរដ្ឋាភិបាលជប៉ុន។
លោកប្រធានបានបន្តថា អង្គការ JETRO គ្រោងនឹងរៀបចំសិក្ខាសាលាថៃ+១ នៅប្រទេសថៃ ក្នុងខែមករា ឆ្នាំ២០២៣ ដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុន ដែលមានទីតាំងក្នុងប្រទេសថៃ ដើម្បីពិនិត្យលទ្ធភាពពង្រីក អាជីវកម្មរបស់ពួកគេ ឱ្យមកវិនិយោគនៅប្រទេសកម្ពុជា ជាពិសេស តាមរយៈច្រកអន្តរជាតិប៉ោយប៉ែត ៕