ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ឯកភាពលើតម្រូវការ ចុះកិច្ចព្រមព្រៀងស្តីពី ច្រកព្រំដែនគោកទ្វេភាគី ដែលនឹងជំនួសបទប្បញ្ញត្តិ ក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៨៣ ស្តីពីលក្ខន្តិកៈព្រំដែន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានឯកភាពលើតម្រូវការក្នុងការចុះ កិច្ចព្រមព្រៀង ស្តីពីច្រកព្រំដែនគោក រវាងប្រទេសទាំងពីរ ដែលនឹងជំនួសបទប្បញ្ញត្តិ នៅក្នុងកិច្ចព្រមព្រៀង ឆ្នាំ១៩៨៣ ស្តីពីលក្ខន្តិកៈព្រំដែន នាពេលខាងមុខ ។ នេះយោងតាមសេចក្ដីថ្លែង ការណ៍រួម រវាងកម្ពុជា-វៀតណាម នៅថ្ងៃទី៩ វិច្ឆិកា ។

សម្ដេចតេជោ ហ៊ុន សែន និងលោក ផាម មិញជិញ ក៏បានសម្តែងនូវការពេញចិត្ត ជាមួយនឹងការសម្រេចបានប្រមាណ ៨៤% នៃការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក និងកោតសរសើរចំពោះកិច្ច បន្តខិតខំប្រឹងប្រែងរបស់គណកម្មធិការចម្រុះ ព្រំដែនកម្ពុជា-វៀតណាម និងវៀតណាម-កម្ពុជា ដើម្បីស្វែងរកដំណោះស្រាយដែលអាច ទទួលយកបានទៅវិញទៅមក ចំពោះកិច្ចការដែលនៅសេសសល់ ១៦% ស្របតាមសន្ធិសញ្ញាព្រំដែន ទាំងអស់ដែលសម្រេចបាន រវាងប្រទេសទាំងពីរ ដើម្បីកសាងព្រំដែនគោក ប្រកបដោយសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ។

ជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម បានឯកភាពក្នុងការលើកកម្ពស់ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យច្រកព្រំដែន រួមមាន៖ តាមរយៈការបើក និង ដំឡើងកម្រិតច្រកព្រំដែនដែលបាន ព្រមព្រៀងគ្នា ដោយប្រទេសទាំងពីរ និងបញ្ចូលច្រកទ្វារព្រំដែនអន្តរ ជាតិម៉ឺនជ័យ-តឹនណាមទៅជា ច្រកព្រំដែន ដែលបានកំណត់សម្រាប់ឆ្លងកាត់ ក្រោមកិច្ចព្រមព្រៀងស្តីពី ការដឹកជញ្ជូនទំនិញរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលវៀតណាម ដែលបានចុះ ហត្ថលេខាកាលពីឆ្នាំ២០១៣ ៕

To Top