ភ្នំពេញ៖ នៅក្នុងជំនួបទ្វេភាគី ជាមួយឧត្តមសេនីយ៍ឯក ថេត ផូន (Thet Pone) មេបញ្ជាការ ការិយាល័យប្រតិបត្តិការ ពិសេសលេខ៥ នៃកងទ័ពជើងគោក មីយ៉ាន់ម៉ា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានលើកឡើងថា កម្ពុជាចង់ឃើញមីយ៉ាន់ម៉ា អាចដោះស្រាយបាននូវបញ្ហាចំពោះមុខ នឹងឆាប់វិលទៅរកប្រក្រតីភាពទ្បើងវិញ។

ការលើកឡេីងនេះ ធ្វើឡើងក្នុងឱកាស មេទ័ពនៃប្រទេសទាំងពីរ អញ្ជើញចូលរួម កិច្ចប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោក អាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងជំនួបនោះ ឧត្តមសេនីយ៍ឯក ថេត ផូន បានថ្លែងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយជ្រោមជ្រែង ដល់ប្រទេសមីយ៉ាន់ម៉ា ទាំងក្នុងការ ឧបត្ថម្ភសម្ភារបរិក្ខារ ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ និងការជួយដោះស្រាយ នូវបញ្ហាចំពោះមុខនានា ក្នុងនាមជាប្រធានអាស៊ាន។

លោក ថេត ផូន បានសម្តែងនូវការជឿជាក់ថា ប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា នឹងបន្តចំណងកិច្ចសហប្រតិបត្តិការដ៏ល្អ ឮតទៅ ទៀតទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌតំបន់។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកទ្បើងថា «កម្ពុជាចង់ឃើញមីយ៉ាន់ម៉ា អាចដោះស្រាយបាននូវបញ្ហាចំពោះមុខ នឹងឆាប់វិលទៅប្រក្រតីភាពទ្បើងវិញ»។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ថែមថា ចំពោះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ ចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ក្នុងការជំរុញនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការ បែបយុទ្ធសាស្ត្រដ៏សំខាន់៕
