ព័ត៌មានជាតិ

ប្រមុខកងទ័ពវៀតណាម ជឿជាក់ថា កងទ័ពជើងគោក វៀតណាម-កម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការល្អ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ងៀ (Nguyen Van Nghia) អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម បានបង្ហាញនូវក្ដីសង្ឃឹមជឿជាក់ថា កងទ័ពជើងគោកនៃប្រទេសវៀតណាម-កម្ពុជា​ នឹងបន្តកិច្ចសហប្រតិបត្តិការល្អ ទាំងនៅតាមបណ្តោយព្រំដែន និងការបន្តគាំទ្រលើការហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស ជាដើម។

ការបង្ហាញក្ដីសង្ឃឹមពីសំណាក់ ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ងៀ (Nguyen Van Nghia) បែបនេះ ធ្វើឡើងនៅក្នុងជំនួប ពិភាក្សាការងារទ្វេភាគី ជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសញ្ជើញចូលរួមកិច្ចប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងនាមម្ចាស់ផ្ទះ នៃកិច្ចប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ឧត្តមសេនីយ៍ឯក វៀន វ៉ាន់ងៀ បានសម្តែងនូវការស្វាគមន៍ជូនចំពោះ គណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ហើយជាពិសេសបានសម្តែងនូវទឹកចិត្ត សប្បាយរីករាយដែល​​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឆ្លៀតពេលវេលាដ៏មមាញឹក ចូលរួមកិច្ចប្រជុំនេះ ខណៈពេលដែលកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាផងដែរ។

ទន្ទឹមនឹងនេះ អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម ក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរ ជាពិសេសលទ្ធផលវិជ្ជមាន ជាច្រើនបន្ទាប់ពីដំណើរទស្សនកិច្ច ជាផ្លូវការរបស់ មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទៅកាន់ប្រទេសវៀតណាម កាលពីខែសីហា ឆ្នាំ២០២២ រួមមានជាអាទិ៍៖ ការផ្លាស់ប្តូរទស្សនកិច្ច, ការហ្វឹកហ្វឺន, ការធ្វើលំហាត់រួម ជាក់ស្តែងលំហាត់រួមត្រីភាគីស្តីពីការសង្គ្រោះគ្រោះមហន្តរាយ កាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរ ចំពោះប្រទេសវៀតណាម ក្នុងការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ជាការបង្កលក្ខណៈ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដោយផ្ទាល់ ខណៈដែលកិច្ចប្រជុំប្រចាំឆ្នាំនេះ ត្រូវបានធ្វើទ្បើងតាមប្រព័ន្ធវីដេអូ អស់រយៈកាល០២ឆ្នាំ ជាប់គ្នាកន្លងមកហើយ។

ទន្ទឹមនឹងនេះ មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណ ចំពោះកងទ័ពប្រជាជនវៀតណាម ចំពោះការទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបានបង្កលក្ខណៈគ្រប់យ៉ាង ដល់ក្រុមបាញ់កាំភ្លើងដៃកម្ពុជា ក្នុងការចូលរួមហ្វឹកហាត់ និងប្រកួតក្នុងព្រឹត្តិការណ៍​ ជំនួប​បាញ់​កាំភ្លើង​ដៃ​ កងទ័ព​ជើងគោក​អាស៊ាន (AARM) លើកទី៣០ នេះ។

ជាមួយគ្នាផងដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីសារៈសំខាន់ នៃកិច្ចសហការជួយគ្នាទៅវិញទៅមក ក្នុងស្មារតីមិត្តភាព សាមគ្គីភាពគ្រប់កាលៈទេសៈ ក្នុងនាមជាអ្នកជិតខាងភូមិផងរបងជាមួយគ្នា ដ៏ល្អ ហើយមានក្តីសង្ឃឹមជឿជាក់ថា ទំនាក់ទំនងជាប្រវត្តិសាស្រ្ត នៃប្រទេសទាំងពីរ នឹងបន្តយូរអង្វែង តជំនាន់ទៅទៀត។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានសម្តែងនូវមោទនភាព ចំពោះការរីកចម្រើន នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ ស្របតាមគោលការណ៍ និងទិសដៅកិច្ចសហប្រតិបត្តិការ សំខាន់ៗ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានកំណត់យក ជាពិសេសការបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ព្រមទាំងបានឯកភាព លើការបន្តកិច្ចខិតខំប្រឹងប្រែង សហការអនុវត្តភារកិច្ចឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅនាំមកនូវការរីកចម្រើនកាន់តែសកម្ម នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ៕

To Top